កម្ពុជាសិក្សាពីលទ្ធភាពដាក់តំបន់អន្លង់ផ្សោតព្រែកកាំពី និងដែនជម្រកសត្វព្រៃព្រែកប្រសព្វខេត្តក្រចេះ ក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក

ចេញផ្សាយ ថ្ងៃទី 4 ខែ កញ្ញា ឆ្នាំ 2020

រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពដាក់តំបន់អេកូ ទេសចរណ៍អន្លង់ផ្សោតព្រែកកាំពី និងដែនជម្រកសត្វព្រៃព្រែកប្រសព្វខេត្តក្រចេះ ចូលទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ សំដៅបង្កើនកិច្ចការពារ និងអភិរក្សតំបន់ទាំងនេះសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងជួយសង្គ្រោះដល់ពពួកសត្វកម្រដែលនៅសេសសល់។
បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងាររបស់ក្រសួងបរិស្ថានបានធ្វើការចងក្រងបាននូវឯកសារ មួយចំនួនហើយ ដើម្បីដាក់តំបន់ ធម្មជាតិទាំងពីរនេះចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ ស្របគ្នាទៅនឹងតំបន់ធម្មជាតិចំនួនពីរទៀត នៅខេត្តព្រះវិហារ គឺតំបន់ការពារធម្មជាតិភ្នំត្បែង និងតំបន់ការពារធម្មជាតិត្មាតប៉ើយ។
ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចុះស្វែងយល់ពីសក្តានុពលនៃតំបន់អេកូទេសចរណ៍អន្លង់ផ្សោតព្រែកកាំពី ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែកញ្ញា ឯកឧត្តម បានបញ្ជាក់ថា តំបន់អន្លង់ផ្សោត ព្រែកកាំពី និងដែនជម្រកសត្វព្រៃព្រែកប្រសព្វ គួរតែក្លាយជាបញ្ជីអាទិភាពមួយក្នុងការដាក់ស្នើសុំចូលទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិ ពិភពលោក ដោយសារវាមានទៅដោយពពួកសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក។
ឯកឧត្តម មានប្រសាសន៍ថា តំបន់ព្រែកកាំពីមានទៅ ដោយសត្វផ្សោតទឹកសាបមេគង្គច្រើនជាងគេលើពិភពលោក ខណៈនៅក្នុងប្រទេសភូមា និងឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មាន ប្រហែល៦០ក្បាលប៉ុណ្ណោះ។ ចំណែក ដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានទៅដោយ សត្វក្តាន់ និងសត្វស្លាបដទៃទៀតដូចជា ត្រយង យក្ស ត្មាត ជាដើម។
តាមការសិក្សារបស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF នៅក្នុងឆ្នាំ២០១៧ បាន ប៉ាន់ប្រមាណថា សត្វផ្សោតមេគង្គកម្ពុជាមានប្រហែលចន្លោះពី៨០ទៅ៩២ក្បាល ដែលចំនួនមានការធ្លាក់ចុះយ៉ាងច្រើន បើធៀប ទៅនឹងចំនួនដែលត្រូវបានជំរឿនក្នុងឆ្នាំឆ្នាំ១៩៩៧ មានប្រហែល២០០ក្បាល និងក្នុងឆ្នាំ២០០៥មានចំនួន១២៧ក្បាល។
កត្តាគម្រាមកំហែងធ្ងន់ធ្ងរទៅលើសត្វផ្សោត ត្រូវបាន រាប់បញ្ចូលដោយគម្រោងទំនប់វារីអគ្គិសនី នានាកាត់ទន្លេមេគង្គ ការជាប់មងរបស់អ្នកនេសាទ ការរំខានដល់ទីជម្រក និងប្រភពរកចំណីរបស់ពួកវា ជាដើម។
យ៉ាងណាក៏ដោយ បើតាមការសិក្សា និងវិភាគរបស់ក្រុមអ្នកជំនាញ អង្គការ WWF បានប៉ាន់ ប្រមាណថា ចំនួនកូនសត្វផ្សោតដែល បានកើតឡើងវិញ ក្នុងចន្លោះពីឆ្នាំ២០១៨ ដល់បច្ចុប្បន្នមាន ប្រហែលជិត២០ក្បាល។
សូមបញ្ជាក់ថា តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ លាតសន្ធឹងតាមដងទន្លេមេគង្គភាគខាងជើងក្នុងកំណាត់លើប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែន កម្ពុជា និងប្រទេសឡាវ ត្រង់ចំណុចល្បាក់ខោនទឹកធ្លាក់ និមិត្ត អន្លង់ឈើទាល អន្លង់មរកត ក្នុងខេត្តស្ទឹងត្រែងមកទល់នឹងក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា អន្លង់ព្រែកកាំពី គឺជាទីជម្រកយ៉ាងសំខាន់សម្រាប់សត្វផ្សោតទន្លេមេគង្គ និងមានសក្តានុពលសម្រាប់ផ្នែកអេកូទេសចរណ៍ ដែល នាំប្រភពចំណូលទៅដល់សហគមន៍នៅទីនោះទៀតផង៕(ដោយសុឹមវេចនា)