Friday 4th October 2024
ភ្នំពេញ ៖ ម៉ាស់២លាន១សែន និងសម្ភារៈវេជ្ជសាស្ត្ររបស់រដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រសួងសុខាភិបាលរៀបចំតាមអនុសាសន៍របបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នឹងត្រូវដឹកជញ្ជូនតាមយន្តហោះទៅកាន់ប្រទេសនេប៉ាល់ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។បើតាមលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អំណោយសប្បុរសធម៌ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រទេសដែលមានការផ្ទុះនូវករណីវីរុសកូវីដ-១៩ សម្រាប់ថ្ងៃនេះ គឺជាលើកទី០៤ហើយ។ ក្នុងនោះលើកទី១ប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លើកទី២ប្រគល់ជូន សាធារណរដ្ឋសភាពមីយ៉ាន់ម៉ា, លើកទី៣ប្រគល់ជូន សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ហើយលើកទី៤នេះ គឺប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។ ដូច្នេះក៏រៀបចំជាអំណោយសប្បុរសធម៌ ប្រគល់ជូនប្រជាពលរដ្ឋ នៃប្រទេសនេប៉ាល់ ដោយហេតុថាប្រទេសនេប៉ាល់ មានករណីឆ្លងជំងឺកូវីដ-១៩កើនឡើងខ្ពស់។ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលសុខចិត្តបេះពីមាត់ ពីករ យកទៅជួយប្រទេស ដែលជួបវិបតិ្តកូវីដ-១៩ ដូចគ្នា។
ពាក់ព័ន្ធនឹងករណីការរីករាលដាលនៃវីរុសកូវីដ-១៩ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ ក្រសួងសុខាភិបាល គ្រប់គ្រងសភាពការបានទាំងស្រុង អ្នកដំណើរដែលចូលមកគ្រប់ច្រកទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក គឺក្រសួងសុខាភិបាល មានមន្រី្ត នៅប្រចាំការគ្រប់ច្រកទាំងអស់ ដើម្បីរង់ចាំទទួលពួកគាត់ចូលមកកាន់ប្រទេសកម្ពុជា ដោយតម្រូវឲ្យពួកគាត់យកសំណាក និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋ និងតាមសណ្ឋាគារ។ ដោយរហូតមកដល់ពេលនេះ យើងមិនមានអ្វីត្រូវព្រួយបារម្ភនោះ នៅដែលពួកគាត់ចូលមកកាន់កម្ពុជា ត្រូវយកសំណាក ទៅមនី្ទរពិសោធន៍ ហើយពិនិត្យឃើញមានមេរោគកូវីដ-១៩ គឺក្រសួងសុខាភិបាល ដឹកគាត់យកទៅព្យាបាលនៅក្នុងមនី្ទរពេទ្យតែម្តង។
ក្រោយពេលដែលប្រទេសកម្ពុជា បើកជើងហោះហើរ ឲ្យប្រទេសទាំង៦វិលចូលមកកម្ពុជាវិញជាធម្មតា ក្រសួងសុខាភិបាល គ្រប់គ្រងអ្នកដំណើរទាំងអស់ (ជនជាតិខ្មែរ និងជនបរទេស) មានចំនួនជាង១០ម៉ឺននាក់ ហើយចំនួនវិជ្ជមានកូវីដ-១៩ មានចំនួន៣៧៩នាក់ និងជាសះស្បើយ មានចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាលនៅមនី្ទរពេទ្យ មានចំនួន១៧នាក់។
ជាចុងក្រោយក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ និងជាពិសេសឯកឧត្តម អភិបាលខេត្ត នៅជាប់តាមព្រំដែន សូមឲ្យពង្រឹងការគ្រប់គ្រងតាមព្រំដែន ដោយពិនិត្យឃើញពលករឆ្លងដែននេះ សូមចាប់គាត់ឲ្យជាប់ រួចយកទៅដាក់ធ្វើចត្តាឡីស័ក ហើយប្រសិនបើក្នុងករណីសង្ស័យត្រូវតែយកសំណាក មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ និងសូមអំពាវនាវដល់ពលករ សុំឲ្យមានការយល់យោគ កុំឆ្លងមកតាមច្រករបៀង ត្រូវចូលមកតាមច្រកដែលមានសមត្ថកិច្ចរងចាំទទួល ក្រសួងមានរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ហើយរាជរដ្ឋាភិបាល បានជូនជាថវិកាជូនដល់គ្រប់ខេត្តហើយ ដើម្បីទទួលទាំងការស្នាក់នៅ ទាំងការហូបចុក ទាំងការព្យាបាលជូនដល់ប្រជាពលរដ្ឋ ដែលជាពលករមកពីប្រទេសថៃ៕