ក្រោយប្ដឹងលុបម៉ាកMOEMដោយក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ម្ចាស់ម៉ាកអះអាងថានេះជាចេតនា ប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យពាណិជ្ជកម្ម

ក្រោយប្ដឹងលុបម៉ាកMOEMដោយក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ម្ចាស់ម៉ាកអះអាងថានេះជាចេតនា ប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យពាណិជ្ជកម្ម

(ភ្នំពេញ)៖ យោងលិខិតរបស់មេធាវី រិន ដេវីដ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ តំណាងឲ្យម្ចាស់ម៉ាក MOEM បានចេញលិខិតតទល់ចូលនាយកដ្ឋានកម្មសិទ្ធិបញ្ញាដើម្បីធ្វើការឆ្លើយតបចំពោះក្រុមហ៊ុន MOEM Holdings Sdn Bhd ដែលមានអាសយដ្ឋាននៅប្រទេសម៉ាឡេស៊ីដែលដាក់ពាក្យបណ្ដឹងលុបម៉ាកMOEMតាមរយៈ ភ្នាក់ងារ Abacs IP ថាគឺជាចេតនា ប្រកួងប្រជែងមិនស្មោះត្រង់ក្នុងវិស័យពាណិជ្ជកម្ម។

សូមជម្រាបជូនថាក្នុងលិខិតតទល់របស់មេធាវី រិន ដេវីដ បានឲ្យដឹងថា ម្ចាស់ម៉ាក MOEM បានដាក់ចុះបញ្ជីម៉ាកចូលក្នុងនាយកដ្ឋានកម្មសិទ្ធិបញ្ញាក្នុងអំឡងខែតុលាឆ្នាំ២០១៩ ហើយក្រោយពីឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីស្ថាប័នជំនាញកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជារួចមកទើបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានធ្វើការទទួលស្គាល់ការចុះបញ្ជី និងចេញវិញ្ញាបនបត្រចុះបញ្ជីម៉ាក (បញ្ជីដើម) លេខៈ KH/៧៥៤៥០/២០ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្មរួចទៅហើយ។

សូមជម្រាបជូនផងដែថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន MOEM Holdings Sdn Bhd មានអាសយដ្ឋានស្ថិតនៅប្រទេសម៉ាឡេស៊ី បានដាក់ពាក្យបណ្ដឹងតាមរយៈភ្នាក់ងារម៉ាក Abacus IP ចូលមកក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងលុបលើការចុះបញ្ជី ម៉ាក MOEM ។

ក្នុងលិខិតដដែលបញ្ជាក់ទៀតថា ទម្រង់នៃម៉ាក MOEM គឺមានលក្ខណៈខុសគ្នាច្រើនចំណុចពីម៉ាក MOEM ក្រុមហ៊ុនម៉ាឡេស៊ី។ហើយការប្ដឹងលុបម៉ាក MOEM នៃក្រុមហ៊ុន MOEM Holdings Sdn Bhd បានចុះបញ្ជីនៅស្ថាប័នកម្មសិទ្ធិបញ្ញានៃប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះដោយមិនបានធ្វើការចុះបញ្ជីសិទ្ធិលើម៉ាក MOEM នេះនៅព្រះរាជាណាចក្រកម្ពុជាឡើយ ជាពិសេសម៉ាកដែលខ្លួនធ្វើការចុះបញ្ជីនៅប្រទេសម៉ាឡេស៊ីថែមទាំងហួសកាលបរិច្ឆេទទៅទៀត ។យោងតាមច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់បាននចែងអំពីសិទ្ធិ អាទិភាពនៃការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក បានកំណត់យកម៉ាកដែលបានចុះបញ្ជីមុនជាអាទិភាព ដោយម៉ាក MOEM បានស្នើសុំចុះបញ្ជីតាំងពីខែតុលាឆ្នាំ២០១៩ម្លេះ ដូច្នេះការបណ្ដឹងលុបរបស់ក្រុមហ៊ុន MOEM Holdings Sdn Bhd ម៉ាឡេស៊ី លើការចុះបញ្ជីកម្មសិទ្ធិលើម៉ាកពាណិជ្ជកម្ម MOEM កូនក្ដីរបស់ខ្លួន ពុំបានធ្វើឡើងក្នុងរយៈពេលដែលនីតិវិធីច្បាប់កំណត់ឡើយ (ហួសរយៈពេល ៥ខែ) ដោយហេតុថា ច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់បានផ្ដល់សិទ្ធិអោយប្ដឹងក្នុងរយៈពេល ៩០ ថ្ងៃ តែប៉ុនណ្ណោះ។
សូមជម្រាបជូនថា ក្នុងលិខិតនោះបានស្នើសុំក្រសួងពាណិជ្ជកម្មសម្រេចដូចខាងក្រោម៖
១. ច្រានចោលពាក្យបណ្ដឹង ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០របស់ក្រុមហ៊ុន MOEM Holdings Sdn Bhd ម៉ាឡេស៊ី ចាប់ពីថ្ងៃនេះតទៅ។
២. តម្កល់វិញ្ញាបនបត្រចុះបញ្ជីម៉ាក (បញ្ជីដើម)លេខៈ KH/៧៥៤៥០/២០ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម ទុកជាបានការដដែល។
៣. ស្នើសុំរក្សាការសម្ងាត់នូវព័ត៌មាន និងគំនូសប្លង់ទ្វារសុវត្ថិភាព និងទូសុវត្ថិភាពរបស់កូនក្ដីខ្ញុំបាទ ជៀសវាងការលួចចម្លង ពីសំណាក់ភាគី ក្រុមហ៊ុន MOEM Holdings Sdn Bhd ម៉ាឡេស៊ី។

ដោយឡែកការប្ដឹងសុំលុបម៉ាកដោយក្រុមហ៊ុនរបស់បរទេសជាចេតនាមួយដែលរំលោភបំពានស្នាដៃផលិតផលរបស់ប្រជាជនខ្មែរដែលពុំទាន់មានភាពរឹងមាំចេះដឹងផ្លូវច្បាប់កម្មសិទ្ធិបញ្ញា ដោយផ្ទុយពីគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលកំពុងធ្វើការលើកកម្ពស់វិស័យពាណិជ្ជកម្មក្នុងស្រុក។
គួររំលឹកផងដែរថាកាលពីខែធ្នូ ឆ្នាំ២០២០ ម្ចាស់ម៉ាក MOEM បានបណ្ដឹងទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ពីបទបរិហារបង្កាច់កេរ្ដិ៍ជាសាធារណៈ រំលោភលើកម្មសិទ្ធិបញ្ញា និងការប្រកួតប្រជែងមិនស្មោះត្រង់លើម៉ាកសញ្ញា M O E M ដែលបាននាំចូលដោយក្រុមហ៊ុនក្នុងស្រុកមួយ ហើយសមត្ថកិច្ចបានរកឃើញថា ក្រុមហ៊ុននោះមានការពាក់ព័ន្ធ និងអំពើរកស៊ីនាំចូលផលិតផលទូរដែកគេចពន្ធ ក្លែងបន្លំត្រា និងរំលោភលើកម្មសិទ្ធិបញ្ញា ,ក្លែងប្រភពទំនិញ និងប្រព្រឹត្តអំពើមិនសុចរិតចំពោះពាណិជ្ជកម្ម៕