អ្នកមិនពាក់ម៉ាស និងមិនរក្សា​គម្លាតសុវត្ថិភាព ត្រូវផាកពិន័យ ២០ម៉ឺនរៀល ទៅ ១លានរៀល!

អ្នកមិនពាក់ម៉ាស និងមិនរក្សា​គម្លាតសុវត្ថិភាព ត្រូវផាកពិន័យ ២០ម៉ឺនរៀល ទៅ ១លានរៀល!

ភ្នំពេញ៖ អនុក្រឹត្យ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបចុះហត្ថលេខា ដាក់​ឲ្យប្រើប្រាស់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានកំណត់ថា ការពាក់ម៉ាស ត្រូវធ្វើជាកាតព្វកិច្ច ដោយផ្អែក​តាមសកម្មភាព​ការងារ ឬស្ថានភាព​មុខរបរ​របស់បុគ្គល និងនៅតាមទីកន្លែង ដែលមានហានិភ័យនៃការចម្លង ឬការឆ្លង​មេរោគកូវីដ១៩​។

អនុក្រឹត្យដដែល ក៏បានកំណត់ថា ការរក្សាគម្លាត​សុវត្ថិភាព​បុគ្គល ត្រូវ​មានយ៉ាងតិច ១,៥០ម៉ែត្រ ហើយត្រូវអនុវត្តជាកាតព្វកិច្ចនៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានា ដែលមានមនុស្សច្រើន តាមការកំណត់​របស់ក្រសួងសុខាភិបាល​។

ក្នុងមាត្រា១៩ នៃអនុក្រឹត្យនេះ បានកំណត់ពីការផាកពិន័យ​ពី ២០ម៉ឺនរៀល ​ទៅ ១លានរៀល ចំពោះ​អ្នកមិនពាក់ម៉ាស ឬ​អ្នកមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការ​រក្សាគម្លាត​សុវត្ថិភាព។

ចំណែកសហគ្រាស ឬគ្រឹះស្ថាន ឬម្ចាស់អាជីវកម្ម ដែលមិនបានអនុវត្ត​កាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍​ពី ២លានរៀល ទៅ ១០លានរៀល។

អនុក្រឹត្យថ្មី ដែលគោលដៅ​ប្រយុទ្ធ និងទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏បានកំណត់ពីវិធានការសុខភិបាល ចាំបាច់នានា ដែលត្រូវអនុវត្ត មានជាអាទិ៍៖ ការធ្វើអនាម័យ និងការវាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព​បុគ្គល និងសង្គម ការយកសំណាក​ទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់​ឲ្យនៅដាច់ដោយឡែក ដើម្បី​ទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩ ការធ្វើសេចក្តីប្រកាស​សុខភាព និងការគ្រប់គ្រង​ និងចាត់ចែង​សាកសព ដែលមានផ្ទុកមេរោគកូវីដ១៩​៕