ព្រៃឈើក្នុង តំបន់ព្រៃអភិរក្សភ្នំព្រេច រលាយជិតអស់ ដោយសារឧកញ៉ា​សឹ្ហង សំអុល

ខេត្តមណ្ឌលគិរី៖ ​ នៅយប់ ថ្ងៃទី២១ឈាន ចូលទី២២ ខែឧសភាឆ្នាំ២០១៩ មានសកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ា សឹ្ហង សំអុល ដែលមានឈ្មោះបោះសំលេង ដែលពលរដ្ឋស្គាល់យ៉ាងច្បាស់ថាជាឧកញ៉ាដែលពូកែរខាងបំផ្លាញព្រៃឈើ ដោយយកលេសក្រុមហ៊ុនមានច្បាប់។

ឧកញ៉ារូបនេះមានបានដោយសាររកឈើ បន្ទាប់ពីបាត់មុខមួយរយៈស្រាប់តែលេច មុខសារជាថ្មីដឹកជញ្ជូនឈើ​លើសមុនទៀតក្នុងមួយយប់24ឡានវេអង ប៉ុន្តែជាទំលាប់​របស់លោកឧកញ៉ា​ស្ហឹង សំអុលទៅហើយក្នុងការគែនប្រជាពលរដ្ឋ​ឲ្យចូលទៅកាប់ឈើ​ក្នុងដែនអភិរក្ស​យកចូលមកក្នុងក្រុមហ៊ុនទាំងតែគេដឹងថាក្រុមហ៊ុនរបស់លោកអស់ឈើទៅហើយនោះ។

តាមប្រភពថ្មីៗនេះពីរប្រជាពលរដ្ឋបានឲ្យដឹងថា÷មាន​រថយន្តបាកុង​ ត្រាក់ទ័រ និងគោយន្ត​កន្ត្រៃ​យ៉ាងប្រសេកប្រសាចដូចស្រមោច​ពេញព្រៃ​សម្រុកចូលទៅកាប់ឈើ​ អូសទាញស្ទូចឈើ និងដឹកជញ្ជូនឈើ​ចេញពីតំបន់ព្រៃអភិរក្សជីវៈជម្រុះដែនជម្រកសត្វស្រែពក កែវសីមា ភ្នំព្រេច ក្នុងព្រៃយ៉ាងគគ្រឹកគគ្រេងដូចហែរ​កឋិន​ដោយគ្មា​នឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាប​ឡើយ។

ប្រភពបាន​ឲ្យដឹងថា​ក្នុងរយៈពេលប៉ុន្មានខែនេះ ​ឧកញ៉ា​សឹ្ហង សំអុល បានបាត់មុខមួយរយៈឥឡូវលេចមុខម្តងទៀតហើយ ចេញឈើលើសវគ្គមុនៗធ្វើឲ្យប្រជាពលរដ្ឋមានការឆ្ងល់ជាខ្លាំងថាតើ មន្ត្រីរដ្ឋបាលព្រៃឈើ ពួុកអភិរក្ស ពួកមន្រ្តីបរិស្ថាននិង មន្រ្តីពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី កំពុងតែសំងំឃុបឃិត បើកភ្លើងខៀងឲ្យឧកញ៉ាឈើរូបនេះឬ យ៉ាងណា?

ជាប់ពាក់ព័ន្ធនឹងករណីឧកញ៉ាឈើរូបនេះដែរគេសង្ស័យថា មានការឃុបឃិត គ្នាជាប្រព័ន្ធជាមួយមន្រ្តីក្នុងខេត្តមណ្ឌលគិរីទាំងពីក្រោមដល់លើ ទើបរាល់ពេលដែលឡានប្រភេទវ៉េអង(V1)ដឹកឈើចេញម្តងៗ ពេញហៀទ្រុងបើតាមទ្រុងឡាន(2,50ម~1,80ម~12,50ម=56.25ម៉ែត្រគូប)តែបែជាលោក សុង ឃាងប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគិរី និង គង់ វីរៈ នាយផ្នែកស្រុកកោះញែកចេញច្បាប់(PC)តែជាង16ម៉ែត្រគូប មិនដែលឃើញអស់លោកជំនាញពាក់ព័ន្ធហាមឃាត់ម្តងណាសោះដូចនេះ។

សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានព្រមាន លោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីម្ដងរួចមកហើយពីបញ្ហាកាប់បំផ្លាញព្រៃឈើនៅដែនអភិរក្សជម្រកសត្វព្រៃឈឺនៅក្នុងខេត្តមណ្ឌលគិរីនេះ ដែលគ្រាន់តែជាលេសច្រកក្រុមជ្រកក្រោមផ្លាកយីហោក្រុមហ៊ុនបែបនេះ។
ប្រភពពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនរបស់ ឧកញ៉ា ស្ហឹង សំអុលនេះថា! តើមានដីសម្បទានសេដ្ឋកិច្ចប៉ុន្មានម៉ឺនហិកតាបានជាកាប់ព្រៃឈើមិនចេះអស់បែបនេះ។

ចំណែកដីទាំងអស់នោះមិនបានយកមកដាំដំណាំកសិកម្មដែលរាជរដ្ឋាភិបាលបានកំណត់នោះឡើយផ្ទុយទៅវិញគឺ ឧកញ៉ា ស្ហឹង សំអុលសម្ងំកៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃឈើនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃប្រហែលជាមានការឃុបឃិតពីប្រធានដែនជម្រក។

ប្រជាពលរដ្ឋសំណូមពរ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយចាត់វិធានការលើឧកញ៉ាឈឺដែលមានឈ្មោះ នៅក្នុងបញ្ជីខ្មៅស្រាប់រូបនេះផង បើពុំដូច្នោះទេព្រៃឈើនៅតំបន់អភិរក្សវានឹងវិនាសមហន្តរាយទៅហើយ៕