បែបមិនរាងចាលទេមើលទៅករណីជនជាតិចិនឈ្មោះ XIA GUOXIU លក់ថ្នាំពុលកសិកម្មត្រូវសមត្ថកិច្ចចុះបង្រ្កាបលើកទី២

បែបមិនរាងចាលទេមើលទៅករណីជនជាតិចិនឈ្មោះ XIA GUOXIU លក់ថ្នាំពុលកសិកម្មត្រូវសមត្ថកិច្ចចុះបង្រ្កាបលើកទី២

 


(ភ្នំពេញ)៖កាលព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃដោយមានការដឹកនាំនិងសម្របសម្រួល ពីព្រះរាជអាជា្ញនៃអយ្យការអមសាលាដំបូងភ្នំពេញ និងមានកិច្ចសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ទីកសិកម្មរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលក់ថ្នាំពុលកសិកម្មដែលហាមឃាត់ក្នុងកម្រិតខ្ពស់ និងផលិតផលក្លែងម៉ាកសញ្ញាជាច្រើន ដែលមានទីតាំងស្ថិតនៅ បុរីជ័យជំនះ ផ្ទះលេខM៣១ ផ្លូវV៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំង ឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិន កាន់លិខិតឆ្លងដែនលេខៈEB61 14348 ចាត់ការតាមនីតិវិធីច្បាប់ ។
បើយោងតាមប្រភព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលអង្គភាពសារព័ត៌មានយើងទទួលបាន។
ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចបានចុះទៅ ឆែកឆេរ និងត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយ ថ្នាំពុលកសិកម្មដែលហាមឃាត់ក្នុងកម្រិតខ្ពស់ខាងលើ បានរកឃើញថ្នាំពុលកសិកម្មដែលហាមឃាត់ក្នុងកម្រិតខ្ពស់រួមាន៖Parauat , METHOMYL, ថ្នាំសម្លាប់ដង្កូវ, ថ្នាំបំពុលកណ្ដុល និងផលិតផលផ្សេងទៀតសរុបចំនួន១៧មុខ ស្មើរនិង ២៧៤,៣,៩៥Kg សមត្ថកិច្ចរកឃើញថា ជនជាតិចិនរូបនោះ បានលួចផលិតថ្នាំពុលកសិកម្មដែលហាមឃាត់ក្នុងកម្រិតខ្ពស់និងជីកសិកម្មសម្រាប់ស្តុកទុក លក់ ចែកចាយ ផលិតផលថ្នាំពុលកសិកម្មដែលហាមឃាត់ មានសារធាតុពុលក្នុងកម្រិតខ្ពស់ដែលហាមឃាត់ ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងមានសមត្ថកិច្ចណាមួយឡើយ ជាពិសេសឃើញមានស្ទីកឃើទុកបិទលើដបឬកំប៉ុងផលិតផលដើម្បីក្លែងម៉ាកផលិតផលថ្នាំពុល និងមានការលួចក្លែងប្រភពផលិតផលថ្នាំពុលក្លែងក្លាយជាច្រើនទៀត។
ទោះបីជាយ៉ាងណា ក្នុងសំណុំរឿងស្ត្រីជនជាតិចិនឈ្មោះ XIA GUOXIU និង បក្ខពួកជាជនជាតិចិនច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចហើយដើម្បីរកចាំសេចក្ដីសម្រេចរបស់តុលាការ ដោយឡែកទីតាំងខាងសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន។

គួររំលឹកផងដែរថា ស្រ្តីជនជាតិចិនឈ្មោះ XIA GUOXIUនិងបក្ខពួកនេះ ត្រូវសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្រ្កាបម្ដងរួចទៅហើយ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ ដោយមានការចូលរួមសហការជាមួយកម្លាំងខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងឃ្លាំង ស្តុកទុកជីនិងថ្នាំពុលកសិកម្មស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលមានឈ្មោះ XIA GUOXIU ភេទស្រី ជាម្ចាស់ទីតាំង កាន់លិខិតឆ្លងដែនលេខៈ EB61 14348 ហើយត្រូវបានមន្ទីកសិកម្មខេត្តកណ្ដាលធ្វើការពិន័យអន្តរការណ៍ចំនួន១០,០០០,០០០រៀល(ដបលានរៀល)តែប៉ុណ្ណោះ។
ដោយពុំរាងចាលនឹងអាងមានខ្សែរធំនៅពីក្រោយបន្តផ្គើនលក់ ត្រូវប្រជាពលរដ្ឋរួមគ្នាប្ដឹងទៅសមត្ថកិច្ចនៃគណៈកម្មាធិការប្រយទ្ធប្រឆាំងផលិតផលក្លែងក្លាយដើម្បីធ្វើការចុះបង្រ្កាបជាលើកទី២។
ករណីជនជាតិចិនរូបនេះ មហាជនមានការទទួចដល់សមត្ថកិច្ចស្នើសុំឲ្យមានការរឹតបន្តឹងចំពោះជនជាតិចិនដែលនៅតែរំលោភបំពានច្បាប់ដោយមិនមានការរាងចាលសោះឡើយ ហាក់បីដូចជាផ្គើននិងសមត្ថកិច្ចដោយមិនខ្លាចសំណាញ់ច្បាប់ទាល់តែសោះ នៅតែលួចផលិត ស្តុកទុក និងចែកចាយថ្នាំពុលកសិកម្មដែលហាមឃាត់ក្នុងកម្រិតខ្ពស់ និងជីកសិកម្មក្លែងក្លាយជាច្រើន ហាក់បីដូចជាយកថ្នាំពុលមកចាក់ចោលក្នុងព្រះរាជាណាចក្រកម្ពុជាអញ្ចឹងដែរ។

មហាជនបានបង្ហើបផងដែរថា ម្ចាស់ទីតាំង ឈ្មោះ XIA GUOXIU ភេទស្រី ជនជាតិចិនខាងលើ ក្រៅពីលួចផលិតស្តុកទុក ចែកចាយ និងលក់ថ្នាំពុលកសិកម្មដែលហាមឃាត់ក្នុងកម្រិតខ្ពស់ គ្មានច្បាប់អនុញ្ញាត ពីក្រសួងមានសមត្ថកិច្ច គ្មានបញ្ជិកា និងសង្ស័យនៅមានលួចលក់ផលិតផលស្តុកទុក និងចាយចាយផលិតផលក្លែងក្លាយជាច្រើនសាខាផងដែរ ដែលនាំឲ្យមានហានិភ័យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ សុខភាព អាយុជីវិតប្រជាពលរដ្ឋ មនុស្សសត្វជាដើម៕