ពលរដ្ឋកំពុងក្តៅក្រហាយបន្ទាប់ពីលោក ធាប គឹមសាង អតីតមេភូមិលោភលន់រំលោភយកដីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ឱពុកអ្នកនាង គឹម លក្ខិណា តារាចម្រៀងដ៏ល្បីប្រចាំស្រុកខ្មែរ គឺលោក គឹម ហ៊ាន មានអាយុ៧០ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋចំនួន២០គ្រួសារបានលើកឡើងថា លោក ធាប គឹមសាង នាយកសាលាបឋមសិក្សាអូរឫស្សីលើ អតីតមេភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចិត្តលោភលន់ដោយដាំបង្គោលរបងហុមព័ទ្ធបន្លាលួសបិតយកផ្លូវសាធារណៈរបស់រដ្ឋដែលមានទំហំទទឹង២០ម៉ែត្របណ្តោយ៣០ម៉ែត្រធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក គឹម ហ៊ាន បានដាក់ពាក្យសុំអន្តរាគមន៍ពីសំណាក់អជ្ញាធរក្នុងមូលដ្ឋានដែរ តែហាក់គ្មានប្រសិទ្ធភាព រហូតលោកសម្រេចចិត្តរកអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីជូនដំណឹងឲ្យបានដល់មន្ត្រីថ្នាក់ខេត្តក្នុងគោលបំណងចង់រំដោះយកផ្លូវសាធារណៈមកប្រើប្រាស់ជាប្រយោជន៍រួម។

បន្ទាប់ពីមានការផ្សាយព័ត៌មានខាងលើកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ អជ្ញាធរក្រុងប៉ោយប៉ែតលោក កង វាសនា អនុភូមិអូរឬស្សីក៍បានហៅទូរសព្ទទៅលោក គឹម ហ៊ាន ទាំងយប់ឲ្យមកដោះស្រាយផ្លូវសាធារណៈខាងលើនៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការភូមិ ដោយមានការចូលរួម

១.លោក កែវ ដារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែត
២.លោក រស់ វណ្ណា ជំទប់ទី២សង្កាត់ផ្សារកណ្ដាល
៣.លោក សាំង ឃឺន មេភូមិអូរឬស្សី
៤.លោក ធាប គឹមសាង នាយកសាលាបឋមសិក្សាអូរឫស្សីលើ អតីតមេភូមិអូរឬស្សី បច្ចុប្បន្នជាអ្នកដាំបង្គោលរបងរំលោភយកដីផ្លូវសាធារណៈ
នឹងដំណាងប្រជាពលរដ្ឋ៤នាក់

លោក កង វាសនា អនុភូមិអូរឬស្សីដូចជាធ្វើការងារមិនដឹងពេលវេលាទូរស័ព្ទមកលោកទាំងយប់ព្រមទាំងគំរាមកំហែងដល់រូបលោក។
លោក កង វាសនា រងការចោទប្រកាន់ពីប្រជាពលរដ្ឋក្នុងភូមិមាន៤ចំណុចទី១.ទៅដើរគំរាមកំហែងប្រជាពលរដ្ឋក្នុងមូលដ្ឋានមុនពេលចូលមកប្រជុំកាលពីក្បាលល្ងាច ដោយមិនឱ្យប្រជាពលរដ្ឋដែលដឹងរឿងផ្លូវពិតចូលរួមបំភ្លឺច្រើននាក់នោះទេ។

ទី២.កោះហៅគ្មានលិខិតស្នាមប្រាប់តាមទូរស័ព្ទយប់ព្រលប់ម៉ោង៨/៩យប់តក់ក្រហល់ដូចជាអាថ៏កំបាំងធ្វើខុសនិតិវិធីដោយមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យដឹងជាមុន។

ទី៣.ភូតកុហក់មើលងាយប្រជាពលរដ្ឋដោយប្រាប់ថាថ្នាក់ដឹកនាំចៅហ្វាយខេត្តមកចូលរួមប្រជុំដោះស្រាយតាមពិតគ្មានសោះមានតែមន្រ្តីថ្នាក់ក្រុងសង្កាត់ភូមិនិងលោកធាប គឹមសាង។

ទី៤.ប្រកាន់បក្ខពួកលំអៀងមិនគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនសក្តិសមជាអ្នកបំរើប្រជាពលរដ្ឋរកហេតុផលសខ្មៅឲ្យបានត្រឹមត្រូវឡើយ។

លោក គឹម ហ៊ាន បានលើកឡើងថាដំណោះស្រាយគ្មានតំឡាភាពដោយលោក កែវ ដារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែតតំណាងឲ្យលោក គាត ហ៊ុល អភិបាលក្រុងបានលើកឡើងថា ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែតលោកប្រគល់បញ្ហានេះឲ្យទៅលោកមេភូមិ អនុភូមិដោះស្រាយជាមួយភាគីដែលអះអាងថាខ្លួនជាម្ចាស់ដី និង ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធដើម្បីធ្វើការពិភាក្សាគ្នា។

ហើយលោក សាំង ឃឺន មេភូមិអូរឬស្សី បានឡើងគូសវាសផ្លូវនៅលើក្តារខៀនដោយគ្មានជំនាញ គ្មានអំណៈអំណាងច្បាស់លាស់ ខុសពីការពិត ទាំងបំពាន ហើយលោក សាំង ឃឺន បានសម្របសម្រួលថា កាត់ផ្លូវឲ្យ ៤ ម៉ែត្រ បើមិនព្រមទេប្តឹងដល់ណាប្តឹងទៅ?

ប្រជាពលរដ្ឋអស់សង្ឃឹមនឹងជំនឿជឿជាក់លើអជ្ញាធរក្រុងប៉ោយប៉ែតដែលគ្មានគោលជំហរ គ្មាន ឆន្ទះ ក្នុងការដោះស្រាយ រំដោះយកផ្លូវសាធារណៈដែលអតីតមេភូមិបានរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋបានលើកឡើងទៀតថាផ្លូវសារណៈដែលជាសម្បត្តិរបស់រដ្ឋហេតុអ្វីបានជាមានប័ណ្ណកម្មសិទ្ធ ដែលទទួលស្គាល់ពីអជ្ញាធរថែមទៀត តើប័ណ្ណកម្មសិទ្ធដែលទទួលស្គាល់ពីលោក សាន ស៊ានហូ អតីតចៅសង្កាត់ ប៉ោយ ប៉ែត និង លោក ទ្រី ណារិន អតីតអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបច្ចុប្បន្នលោកបានទទួលមរណ:ភាពហើយ ថាតើប័ណ្ណនោះជាប័ណ្ណក្លែងក្លាយ ឬ ក៍មានការឃុបឃិតគ្នាជាប្រព័ន្ធ?

លោក គឹម ហ៊ាន ឱពុកអ្នកនាង គឹម លក្ខិណាតារាចម្រៀងដ៏ល្បីប្រចាំស្រុកខ្មែរ ដំណាងឲ្យប្រជាពលរដ្ឋ២០គ្រួសារស្នើសុំដល់លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមេត្តាជួយរកយុត្តិធម៌ក្នុងការរំដោះផ្លូវសាធារណៈរបស់រដ្ឋដើម្បីឲ្យប្រជាជនទូទាំងភូមិ អូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអាស្រ័យផលក្នុងការធ្វើដំណើរបានឡើងវិញផង🙏។