លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ព្រមាន​ដក​ មន្ត្រី​ដែល​មិន​ទប់ស្កាត់​ជ្រូកករណី ​លួច​នាំចូល​ពី​ប្រទេសវៀតណាម

ខេត្ត​ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ព្រមាន​ដក​មន្ត្រី​ជំនាញ​មួយចំនួន​ដែល​ធ្វេសប្រហែស​ក្នុងការ​ទប់ស្កាត់ ការ​លួច​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ខណៈដែល​ប្រទេស​នេះ កំពុងតែ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក ដែល​បានសម្លាប់​ជ្រូក​អស់​ជិត ៣​លាន​ក្បាល ពិសេស​នៅជាប់​តំបន់​ព្រំដែន​កម្ពុជា​។​

​សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន ចេញប្រកាស​ពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួន ២​កន្លែង ស្ថិតនៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំ​មាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។ ករណីនេះ​គឺជា​ការផ្ទុះ​ជំងឺ​បេ​ស្ត​ជ្រូក ជាថ្មី​ម្តងទៀត នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ផ្ទុះ​លើកដំបូង​កាល ពី​ខែមីនា​កន្លងទៅ នៅ​ខេត្តមណ្ឌលគិរី ដែល​បានសម្លាប់​ជ្រូក​ជិត ១០០០​ក្បាល​។

​លោក វេន សាខុន បាន​បញ្ជាក់ថា ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​មួយចំនួនទៀត ដែល​នៅជាប់​ព្រំដែន​វៀតណាម ត្រូវបាន​រកឃើញថា នៅតែ​មានការ​លួច​នាំចូល​ជា​បន្ត​បន្ទាប់ពី​ប្រទេស​វៀតណាម ហើយ​មន្ត្រី​ជំ នា​ញ​កំពុងតែ​ព្រួយបារម្ភ និង​តាមដាន​ខេត្តព្រៃវែង​មួយទៀត ដែល​អាច​សង្ស័យថា អាច​មានការ​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ថា បើសិន​មិនមាន​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទេ វា​អាច​នឹង​ឆ្លង​នៅ​ទូទាំងប្រទេស ហើយ​ប្រពល​រដ្ឋ​មានការ​ខ្លាចរអា​នឹង​ការ​បរិ​ភោ គ​សាច់ជ្រូក ហើយ​វា​នឹង​ប៉ះពាល់​ដល់​ផលិតកម្ម​ជ្រូក​ទាំងមូល និង​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ចូលរួម​ទប់ស្កាត់​ការរីក​រាល់ដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ខណៈដែល​កម្លាំង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​សព្វថ្ងៃ​នៅមានកម្រិត​នៅឡើយ ដែល​មិនអាច​ទប់ស្កាត់បាន​គ្រប់ ជ្រុងជ្រោយ​បានឡើយ ៕