សម្តេចតេជោ ហ៊ុន សែន៖ ខឹម វាសនា មិនបានអំពាវនាវឱ្យពលរដ្ឋផ្តួលរំលំរដ្ឋាភិបាលដូចមនុស្សមួយចំនួននោះទេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន គូសបញ្ជាក់ថា ករណីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើការផ្តួលរំលំរដ្ឋាភិបាលដូចមនុស្សមួយចំនួននោះទេ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះលោក ខឹម វាសនា បានធ្វើការជេរប្រមាថសម្តេចជាច្រើនក្តី រហូតដល់អាខ្វាក់ថែមទៀត ប៉ុន្តែ ខឹម វាសនា បានអំពាវនាវឱ្យពលរដ្ឋធ្វើការប៉ះបោរ ប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលដូចមនុស្សចំនួននោះទេ។ សម្ដេចតេជោបានបញ្ជាក់ថា៖ «ទោះបីយ៉ាងណាក៏ដោយ លោក ខឹម វាសនា មិនដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋមកផ្តួលរំលំរាជរដ្ឋាភិបាល ឬបង្វែរចុងកាណុងមករាជរដ្ឋាភិបាល និងកាត់ជំនួយពីកម្ពុជាទេ ខុសពីមនុស្សមួយចំនួន»។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា សម្ដេចក៏មិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ ឬឆ្កួតនោះទេ ទាក់ទងនឹងអបីយជំនឿរបស់គាត់។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានប្រកាសដាក់ចេញវិធានការមួយចំនួន ក្រោយលោក ខឹម វាសនា ប្រមូលផ្ដុំមនុស្សនៅតំបន់ភ្នំគូលែន មានដូចជា៖ ទី១-ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងនោះ និងទី២-ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាល កំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។

ក្នុងឱកាសនោះ សម្ដេចតេជោក៏បានអំពាវនាវឱ្យលោក ខឹម វាសនា បញ្ចប់រឿងអបីយជំនឿ ហើយកុំបង្ខាំងពលរដ្ឋ ដោយត្រូវដោះលែង ពួកគាត់ឱ្យមកស្រុកកំណើតវិញមក ដើម្បីប្រកបមុខរបររកស៊ីវិញ។

ជុំវិញបញ្ហារឿងរ៉ាវរបស់ លោក ខឹម វាសនា ប្រមូលផ្ដុំមនុស្សរាប់ម៉ឺននាក់ នៅតំបន់ភ្នំគូលែននោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា មានអ្នកក្រុមជ្រុលនិយម បានចោទ សម្ដេច ថា ជាអ្នកបង្កើតព្រឹត្តិការណ៍នេះ ដើម្បីលុបបំបាត់រឿង ឯកឧត្តម ហ៊ុន ម៉ាណែត ទៅវៀតណាម និងរឿងភ្នំតាម៉ៅទៅវិញ៕ដោយ៖ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល