យាយព្រឿង ចាប់ផ្តើមបន្តមុខរបរចាស់ ក្រោយចេញពីពន្ធនាគារ

ខេត្តស្ទឹងត្រែង ៖ មេឈ្មួញរកស៊ីឈើជាជនជាតិវៀតណាមដ៏ល្បីឈ្មោះ ដែលគេស្គាល់ថា ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ក្រោយចេញពីពន្ធនាគារ បានចាប់ផ្ដើមរកស៊ីមុខរបរចាស់វិញហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយកម្លាំងអាវុធហត្ថផ្ទៃប្រទេសដឹកនាំ ដោយលោកវរៈសេនីយ៍ឯក ទូច គង្គារ និងក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ហុង វិណុល។ ដោយក្នុងនោះ យាយព្រឿងត្រូវបានតុលាការសម្រេចផ្តន្ទារទោសដាក់ពន្ធនាគារអស់មួយរយៈ ពាក់ព័ន្ធក្នុងការរារាំងការងារសមត្ថកិច្ច រួមនិងប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់។

ជាក់ស្តែងកាលពីសប្តាហ៍មុនគេបានប្រទះ ឃើញមានរថយន្តប្រភេទដឹកដី បានដឹកជញ្ជូនឈើចេញពីទីតាំងមួយចំនួនក្នុងខេត្តស្ទឹងត្រែង យកចូលទៅក្នុងឃ្លាំងមួយកន្លែងដែលស្គាល់ថា ជាឃ្លាំងយាយព្រឿងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

ពាក់ព័ន្ធនឹងករណីនេះ យាយព្រឿង បានបញ្ជាក់ថា ឈើដែលដឹកជញ្ជូនតាមរថយន្តបែនដឹកដី គឺមានច្បាប់អនុញ្ញាតចេញពីរដ្ឋបាលព្រៃឈើខេត្តចំនួន២០ម៉ែត្រគូប ដោយឈើទាំងនោះត្រូវបាន លោក គា ភៀច ជាអ្នកដេញថ្លៃបានពីរដ្ឋបាលព្រៃឈើខេត្ត ចំណែកគាត់គ្រាន់តែសុំចែកពីលោក គា ភៀច រួចដឹកចូលឃ្លាំងដូចជាឈើឈ្លីក សុក្រំ ដើម្បីយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមតែប៉ុណ្ណោះ។

ចំណែកលោក គា ភៀច បានបញ្ជាក់ថា ឈើខាងលើនេះ លោកដេញថ្លៃបានតាំងពីឆ្នាំ២០១៦មកម៉្លេះ ដោយសារទីផ្សារធ្លាក់ថ្លៃ ទើបមិនបានមកប្រមូលឈើទាំងនោះដឹកចេញ ទើបតែនៅពេលនេះក៏ចាប់ផ្តើមប្រមូលដឹកជញ្ជូននៅតាមសង្កាត់រដ្ឋបាលព្រៃឈើ ដែលមានចំនួន០៦កន្លែង ស្មើនឹងប្រមាណជាង៣០០ម៉ែត្រគូប ឯចំពោះលោកស្រី ហេង សំនៀង ដែលមានទីលំនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងសឹ្ទងត្រែងនោះ បានមកអង្វរសុំចែកឈើពីលោកចំនួន១០០ម៉ែត្រគូប ។ លោកថា ដោយសារតែមានការអាណិតអាសូរយាយព្រឿង ទើបតែចេញពីពន្ធនាគារថ្មីៗផង ណាមួយគាត់ពុំសូវមានលុយកាក់ ក៏បានចែកឈើឲ្យចំនួន២០ម៉ែត្រគូបសិន ដោយក្នុងមួយម៉ែត្រគូបតម្លៃប្រមាណជាង៨០០ដុល្លារ ដើម្បីយកទៅកែច្នៃធ្វើជាគ្រឿងសង្ហារឹមផ្សេងៗ ។ ហើយប្រសិនបើលោកស្រី ហេង សំនៀង ហៅយាយព្រឿងលួចទិញឈើខុសច្បាប់ពីអ្នកផ្សេងដាក់លាយជាមួយឈើទិញពីលោក បន្លំធ្វើជាឈើស្របច្បាប់ គឺលោកមិនទទួលខុសត្រូវ និងសូមឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ចុះ។

ជុំវិញរឿងនេះដែរ លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសឹ្ទងត្រែង បានប្រាប់ថា រឿងឈើដែលដឹកតាមរថយន្តបែនខាងលើ គឺគេយកទៅអារ និងជ្រៀកកែច្នៃធ្វើគ្រឿងសង្ហារឹម ដើម្បីប្រើប្រាស់ក្នុងស្រុក ដោយឈើទាំងនោះគេមានច្បាប់ត្រឹមត្រូវ ដែលដេញថ្លៃបានពីខណ្ឌរដ្ឋបាលព្រៃឈើ ដូច្នេះគេមានសិទ្ធិប្រមូលយកឈើចេញពីផ្នែក ពីសង្កាត់រដ្ឋបាលព្រៃឈើជាច្រើនកន្លែងក្នុងខេត្តសឹ្ទងត្រែង។ ដោយឡែករឿងយាយព្រឿងសុំទិញពីអ្នកដេញថ្លៃយ៉ាងណានោះ គឺជារឿងផ្ទៃក្នុងរបស់គេ យើងពុំចាំបាច់សួរដេញដោលស៊ីជម្រៅរឿងផ្ទៃក្នុងរបស់គេទេ៕