លទ្ធផលបោះឆ្នោតបឋម​នៅក្នុងប្រទេសឥណ្ឌូនេស៊ី​បានបង្ហាញថាលោក​ប្រធានាធិបតី Joko Widodo ​នឹងអាចឈ្នះ​​នៅអាណត្តិទី២ជាបន្តទៀត

ប្រទេសឥណ្ឌូនេស៊ី​៖ នៅ​ថ្ងៃ​ពុធ​នេះលទ្ធផល​បោះ​ឆ្នោត​បឋម​មិន​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បង្ហាញ​​ថាលោក​ប្រធានាធិបតី Joko Widodo នឹង​អាច​ឈ្នះ​នៅ​អាណត្តិ​ទី២ជា​បន្ត​ទៀត។ការ​រាប់​សន្លឹក​ឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អង្គការ​ស្ទង់​មតិ​ឯករាជ្យ​ចំនួន៥បាន​បង្ហាញ​ថា លោក Widodo បាន​នាំ​មុខ​គូ​ប្រជែង​របស់​លោក​គឺ​លោក​អតីត​ឧត្ដមសេនីយ៍ Prabowo Subianto ចំនួន​ប្រហែល ១០ ភាគរយ។គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គ្រោង​នឹង​ប្រកាស​អំពី​លទ្ធផល​ផ្លូវការ​នៅ​ខែ​ក្រោយ។ពលរដ្ឋ​ឥណ្ឌូនេស៊ី​ប្រហែល ១៩៣ លាន​នាក់​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ការ​បោះ​ឆ្នោត​នេះ​មាន​ទាំង​ការ​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋសភា​ឥណ្ឌូនេស៊ី​ផង​ដែរ។ការ​ស្ទង់​មតិ​មុន​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា លោក Widodo នាំ​មុខ​រហូត​ដល់​ទៅ ២០ ភាគរយ។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Widodo បាន​លើក​ឡើង​ពី​ដំណើរ​វិវត្ត​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់គ្រាន់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដូចជា ​កំពង់ផែ​ថ្មី ផ្លូវ​បង់​លុយ​ថ្មី ប្រលាន​យន្តហោះ និង​ប្រព័ន្ធ​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត។ កាល​ពី​ខែ​មុន រថភ្លើង​ក្រោម​ដី​ថ្មី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់ ដើម្បី​បញ្ចៀស​ចរាចរណ៍​កក​ស្ទះ។ចំណែក​ឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Subianto ដែល​ជា​អ្នក​ជាតិ​និយម​វិញ គឺ​ផ្ដោត​លើ​អ្វី​ដែល​លោក​យល់​ថា​ជា​ចំណុច​ខ្សោយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ផ្ដោត​លើ​ហានិភ័យ​នៃ​ការ​កេង​ប្រវ័ញ្ច​ដោយ​មហា​អំណាច​បរទេស ឬ​ក៏​ការ​បែកបាក់​នៅ​ក្នុង​ប្រទេស៕