ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងនោះ​ក៏មានការចូលរួមពីគ្រួសារ ស.ស.យ.ក ថ្នាក់កណ្តាល ស.ស.យ.ក ខេត្តស្វាយរៀងសរុប​ចំនួន១៦​១០នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

មានប្រសាសន៍ក្នុងពិធីជួបជុំក្រុមគ្រួសារស.ស.យ.ក. ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិ​បាល​ខេត្តស្វាយរៀង បានលើកឡើងថា «សកម្មភាពនៃការចូលរួមរបស់ស.ស.យ.ក. ពិតជាបាន​បង្ហាញពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងដំណើរ ការអភិវឌ្ឍន៍សង្គម ព្រមទាំងសបញ្ជាក់​អោយ​ឃើញ​ពីភាពសក្តិសមទៅនឹងតួនាទីជាអ្នកដឹកនាំបន្តវេន។ជាក់ស្តែងតួនាទីក្នុងជួរថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួន ត្រូវបានផ្តល់អាទិភាពដល់យុវជន ដែលមានភាពសកម្ម  ចារិកល្អ  និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈ ៧ឆ្នាំចុង​ក្រោយនេះ អ្វីដែលធ្វើអោយខ្ញុំមានមោទនភាព ក្នុងនាមខ្ញុំ ស.ស.យ.ក. ហើយមាន​កម្លាំងចិត្តធ្វើបន្តទៀតនោះគឺ

– សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក. យើងបានរីកលូតលាស់ជាបន្តបន្ទាប់។

– អរគុណចំពោះសមាជិក សមាជិកា ដែលជ្រើសរើសពាក់ឯកសណ្ឋានមួយនេះ។ពេលប្រជាពលរដ្ឋឃើញLogo របស់យើង គឺមិនដែលផ្សារភ្ជាប់ទៅភាពអវិជ្ជមាននោះទេ ប្រជាពល​រដ្ឋ​តែងតែផ្សារភ្ជាប់  ទៅលើកិច្ចការសង្គម… នេះហើយចំពោះខ្ញុំជាមោទនភាព។

ឯកឧត្តម ហ៊ុន​ ម៉ានី​ បានមានប្រសាសន៍ជំរុញ​ និងលើ​កទឹកចិត្តឲ្យយុវជនបន្តចូលរួមក្នុង​សកម្មភាព​សង្គម​ ដោយសង្កត់ធ្ងន់ថា​ “យើ​ងទាំងអស់​ មកពីប្រភពផ្សេងគ្នា​ និងអាចមានភាពផ្សេងគ្នា ប៉ុន្តែយើងមាននូវបុព្វហេតុរួមគ្នាមួយ​ នោះគឺការរួមគ្នាបង្កើតភាពជាគម្រូ​ និងភាពវិជ្ជមាន​សម្រាប់សង្គមយើង​ និងសម្រាប់កូនចៅយើ​ងជំនាន់ក្រោយ”៕