ឯកឧត្ដម សួន សេរីរដ្ឋា ថ្លែងថា ព្រោះសម្ដេចតេជោ មិនចង់ឃើញប្រជាជនអ៊ុយក្រែនរងគ្រោះ ទើបសម្ដេចអំពាវនាវដល់អ៊ុយក្រែន កុំប្រើគ្រាប់បែកចង្កោមក្នុងសង្រ្គាមជាមួយរុស្ស៊ី

ឯកឧត្ដម សួន សេរីរដ្ឋា ថ្លែងថា ព្រោះសម្ដេចតេជោ មិនចង់ឃើញប្រជាជនអ៊ុយក្រែនរងគ្រោះ ទើបសម្ដេចអំពាវនាវដល់អ៊ុយក្រែន កុំប្រើគ្រាប់បែកចង្កោមក្នុងសង្រ្គាមជាមួយរុស្ស៊ី

ភ្នំពេញ ៖ ឯកឧត្ដម សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា និងជាអ្នកតាមដាននយោបាយកម្ពុជា មានប្រសាសន៍ថា សារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះអាមេរិកដែលជាអ្នកផ្ដល់ និងអ៊ុយក្រែនដែលជាអ្នកទទួល ថា សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេសគឺប្រជាជនអ៊ុយក្រែននោះ គឺជាសាររបស់មេដឹកនាំដែលមានព្រហ្មវិហារធម៌មួយរូប ដែលមិនចង់ឃើញមនុស្សជាតិច្រើនជំនាន់ ត្រូវមករងគ្រោះព្រោះគ្រាប់បែកចង្កោម។ ឯកឧត្ដមបន្ថែមថា សាររបស់សម្ដេចតេជោ ក៏ចង់បញ្ជាក់ទៅកាន់ប្រទេសដែលកំពុងតែផ្ដល់ការគាំទ្រអាវុធ និងប្រទេសកំពុងតែមានសង្រ្គាមថា ការយកសង្រ្គាមទៅបញ្ចប់សង្រ្គាមមិនអាចធ្វើបានតាមចិត្តចង់នោះឡើយ ហើយមានតែការចរចាដោយសន្ដិវិធីប៉ុណ្ណោះទើបអាចបញ្ចប់សង្រ្គាមបាន។

ឯកឧត្ដម ថា ជាក់ស្ដែងកម្ពុជា បានបញ្ចប់សង្រ្គាមពេញលេញ ដោយសារតែនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំគូភាគីប្រដាប់អាវុធចូលតុចរចា មិនមែនប្រើអាវុធនោះឡើយ។ តែយ៉ាងណាបើទោះបីកម្ពុជាមានសន្ដិភាពពេញលេញហើយក្ដី តែគ្រាប់បែករាប់លានតោន បានកប់នៅក្នុងដី ហើយបានសម្លាប់ប្រជាជន និងបង្កឲ្យប្រជាជនមានពិការភាព ម្លោះហើយទើបសម្ដេចតេជោ ហ៊ុន សែន មិនចង់អោយមានការប្រើប្រាស់គ្រាប់បែកចង្កោម។

ឯកឧត្ដម សួន សេរីរដ្ឋា សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មិនធ្លាប់ត្រូវបានគេដឹកគ្រាប់បែកយកទៅទម្លាក់ពីលើនោះទេ តែអាមេរិកជាប្រទេស ដែលផលិតគ្រាប់បែក ហើយដឹកយកទៅទម្លាក់លើប្រទេសរបស់គេ ដូចជាគ្រាប់បែក បរមាណូ បានយកទៅទម្លាក់នៅប្រទេសជប៉ុន ដែលរហូតមកដល់ពេលនេះចំហាយវិទ្យុសកម្មនៅតែបន្តធ្វើអោយប្រជាជនជប៉ុនរងគ្រោះ ចំណែកកម្ពុជាបានរងគ្រោះដោយគ្រាប់បែកជាច្រើនប្រភេទ ក្នុងនោះក៏មានគ្រាប់បែកចង្កោមដែរ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនកម្ពុជាមកដល់បច្ចុប្បន្ន។ ឯកឧត្ដមបន្ថែមថា សាររបស់សម្ដេចក៏ជាដាស់តឿនស្មារតីប្រទេសមហាអំណាចឲ្យគិតគូអំពីសីលធម៌ កុំបំផ្លាញវិន័យរបស់ពិភពលោក។

ជាការកត់សម្គាល់របស់ឯកឧត្ដម អាមេរិក កន្លងមកមិនដែលទទួលស្គាល់នូវកំហុសរបស់ខ្លួនដែលបានធ្វើនៅក្នុងទឹកដីនៃប្រទេសណាមួយនោះទេ ហើយក៏គ្មានការសុំទោស ឬក៏សងជំងឺចិត្តដល់ប្រទេសរងគ្រោះនោះដែរ។

សូមជម្រាបថា ទិន្នន័យរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា ស៊ីម៉ាក់ ដែលធ្លាប់ផ្សព្វផ្សាយនាពេលកន្លងទៅ បានឲ្យដឹងថា គ្រាប់ទម្លាក់ពីយន្តហោះ គឺមានពីសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន ៤៧៥,៥១៥តោន (ជិតកន្លះលានតោន) ហើយក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឲ្យទំលាក់គ្រាប់បែក យ៉ាងខ្លាំងក្លាបំផុត មានចំនួនប្រមាណជាង ២លានតោន ក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) នាំឲ្យទិន្នន័យសរុប គ្រាប់បែកដែលទម្លាក់លើកម្ពុជាមានចំនួនជាង ២លាន ៨សែនតោន ក្នុងរយៈពេល ពីថ្ងៃទី០៤ តុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ សីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង ២៦លានគ្រាប់ និងគ្រាប់បែកគីមី (គ្មានកំណត់ត្រានៅឡើយទេ) ដែលតួលេខនេះមិនទាន់ពេញលេញទេ៕