ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាគណៈអធិបតី ក្នុងពិធីបញ្ចុះ​ខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្ត​ពោធិ៍​រាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងពិធីនេះក៏មានការអញ្ជើញចូ​លរួម ពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាល​ខេត្តកំពត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក លោកមេឃុំ យុវជនសម្ពនស្រលាញ់សន្តិភាព យុវជនកាយរិទ្ធ យុវជន ស ស យ ក ព្រមទាំងប្រជាពល​រដ្ឋក្នុង​មូលដ្ឋាន។

បន្ទាប់ពី​ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្រង់របាយការណ៍រួចមក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ដោយបា​នពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកា​លសម្តេច​តែងតែព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។​

ឯកឧត្តម បានបន្តថា ដោយសារការដឹកនាំដោយ​ភាពត្រឹមត្រូវរបស់ប្រមុខ​រាជរដ្ឋាភិបាល​ ទើប​ប្រទេស​យើងទទួលបានសុខ​សន្តិភាពរហូតមកដល់បច្ចុប្បន្ន ហើយចំពោះ សមិទ្ធផល​ទាំងអម្បា​លមាន​ដែលបានបង្ហាញរូបរា​ងនាពេលនេះ គឺបានផ្តើម​ចេញពីកត្តាសុខសន្តិភាពយ៉ាងពិតប្រាកដ។

ដូច្នេះយើងទាំ​ងអស់គ្នាពិតជាមិនចង់ឲ្យមានសង្គ្រាមកើតឡើងនោះទេ ព្រោះកន្លងមក​សង្គ្រាមបាន​ធ្វើឲ្យមានសោកនាដកម្មធ្ងន់ធ្ងរ ធ្វើឲ្យខ្ទេចខ្ទាំនូវហេ​ដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ពិសេសការនិរាស​ព្រាត់​ប្រាស់ដែលបានបន្សល់នូវភាពឈឺចាប់។

ឯកឧត្តមបណ្ឌិត ​ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ​លោកសូមថ្លែងអំណរគុណដល់លោកតា លោកយាយ និងបងប្អូនប្រជាព​លរដ្ឋគ្រប់មជ្ឈដ្ឋាន​ដែលតែងបោះឆ្នោត​គាំទ្រដល់គណបក្ស​ប្រជា​ជនកម្ពុជា ឲ្យដឹកនាំដោយសម្តេចតេជោ​ ហ៊ុន សែន ហើយឯកឧត្តម ជឿជាក់ថា លោកតា លោកយា​យ និងបងប្អូនប្រជាពលរដ្ឋពិតជាបន្តគាំទ្រសម្តេច ហ៊ុន​ សែន ឲ្យធ្វើជា​នាយករដ្ឋ​មន្ត្រី ដើម្បី​ដឹកនាំ​ប្រទេសគ្រប់អាណតិ្ត។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ នូវកិច្ចខិតខំប្រឹ​ងប្រែងរបស់អាជ្ញា​ធរ​គ្រប់​ជាន់ថ្នាក់ក្នុងខេត្តកំពត ក្នុងនោះក៏មានកងម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កម្លាំងយុវជនទាំងអ​ស់ ដែលរួមសហការគ្នាបានល្អ ក្នុងការគ្រប់​គ្រងនូវគ្រោះមហន្ត​រាយដែលផ្តើម​ដោយសារជំនន់ភ្លៀង​បានល្អប្រសើរ។

លើសពីនេះ ឯ​កឧត្តម ក៏សូមឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់មូល​ដ្ឋានត្រូវត្រៀម​លក្ខណៈបន្ត​ទៀត ដើម្បី​ត្រៀម​វិធានការទប់ទល់រាល់ករណីចាំ​បាច់ណាមួយសម្រាប់ទប់​ស្កាត់រាល់ផលប៉ះពាល់​ទាំងឡាយ​ដែលកើតឡើងដោយសារគ្រោះធម្មជាតិ ពិសសជំនន់ភ្លៀង ព្រោះឆ្នាំនេះមាន​ភ្លៀងធ្លាក់ខ្លាំងនៅ​គ្រប់តំបន់ទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិ​យយសជូនដល់មន្ត្រីរាជកា​រមានស្នាដៃ និងសប្បុរសជនដែលបា​នជួយឧបត្ថម្ភជាថវិកាស​ម្រាប់កសាងសមិទ្ធផល​នានានៅវត្ត​ពោធិ៍រា​ជលំពូ និងប្រគេនថវិកាជូនព្រះចៅអធិការវត្ត ព្រមទាំងឧបត្ថម្ភថវិកាដល់ លោកតា លោក​យាយ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែល​ចូល​រួមក្នុងពិធីនេះផងដែរ៕