ដីឡូតិ៍តំបន់អភិវឌ្ឍន៍ឡុងវុទ្ធី ត្រូវបានក្រសួងបរិស្ថាន កំពុងចាត់វិធានការក្តៅ

ភ្នំពេញៈ​មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​កន្លងមក​ថ្មីៗ​នេះ​មានការ​ប្រកាស​ផ្សព្វផ្សាយ​ការរៀបចំ​ដី​ឡូ​តិ៍​តំបន់​អភិវឌ្ឍន៍​ឡុង​វុទ្ធី​ដែលមាន​ទំហំ​ផ្ទៃដី​៤៩.៦០០​ម៉ែត្រការ៉េ​មាន​ទីតាំងនៅ​ក្នុងភូមិ​ភ្នំ​ដំបង​ឃុំ​សន្តិភាព​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​ជា​ចំណុច​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​(​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​)​ដែល​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣​។

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។​
​មន្ត្រី​ក្រសួងបរិស្ថាន​បាន​បន្តថា​យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ដី​តំបន់ការពារធម្មជាតិ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មិន​អនុញ្ញាតឱ្យ​កាប់​រានទន្ទ្រាន​កាន់កាប់​លក់ដូរ​បានឡើយ​និង​មិនអាច​ស្ថិតនៅក្រោម​ការកាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ​ឡើយ​។

​ការចាត់ចែង​លក់ដូរ​ដី​សាធារណៈ​របស់​រដ្ឋ​នៃ​តំបន់ការពារធម្មជាតិ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នកប្រព្រឹត្ត​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​មន្ត្រី​ក្រសួង​បាន​បញ្ជាក់ថា​ដើម្បី​ជៀសវាង​ហានិភ័យ​ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​ជនខិលខូច​មុននឹង​សម្រេចចិត្ត​ទិញ​ដីឡូត៍​ខាងលើនេះ​សូម​សាធារណជន​មេត្តា​យល់ដឹង​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ដូចជា​៖១.​ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​(​តើ​ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់ ឫ​ជា​របស់​អ្នកផ្សេង​)​។ ២. វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​មាន​ជាប់​បន្ទុក ឫ​អត់​)​។​

៣.​លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ​ឬ​អង្គភាព​មាន​សមត្ថកិច្ច​(​ដូច​មានចែង​ក្នុង​ប្រកា​សលេខ​០៨៧​ដ​.​ន​.​ស​ប្រក​/​នី​ក​.​ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​ស្តីពី​ការអភិវឌ្ឍ​ដី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​)​។ ៤. ឯកសារ​បង់ពន្ធ​អចលនវត្ថុ​។ ៥. បណ្ណ​បំបែក​ក្បាលដី និង​៦. ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-​ទិញ​។​

​ទាក់ទង​ករណី​ខាងលើនេះ​ក្រសួងបរិស្ថាន​និង​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​កំពុង​ចាត់វិធានការ​ចំពោះ​ជន​រៀបចំ​ឡូ​តិ៍​តំបន់​អភិវឌ្ឍ​ឡង​វុទ្ធី​ទំហំ​ផ្ទៃដី​សរុប​៤៩.៦០០​ម៉ែត្រការ៉េ​តាម​បញ្ញា​ត្ត​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ធរមាន​និង​សូម​អំពាវនាវ​ដល់​សាធារណជន​កុំ​ចូលរួម​ទិញ​ឬ​ទទួលយក​ចំណែក​ដីឡូត៍​ខាងលើនេះ​ជាដាច់ខាត​៕