ឯកឧត្តម​អភិបាល ខេត្តមណ្ឌលគិរី ចែកកូនប័រចំនួន៥០០ដើម ក្នុងក្រុង​សែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគ​ណៈ​អភិបាលខេត្តមណ្ឌលគិរី រួមទាំង លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេ​សាទខេត្ត និងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកកូនប័រចំនួន៥០០ដើម ចែកជូនដល់កសិករចំនួន១០០នាក់ មកពីសង្កាត់ទាំង០៤ ក្នុងក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឱ្យប្រជាកសិករមានពូជដំណាំល្អសម្រាប់ធ្វើការដាំដុះ និងចៀសវាងទុកដីទំនេរចោល។

ឯកឧត្តម ស្វាយ​ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដា​ក់ពីរដ្ឋា​ភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវ​កំរិតជីវភាពរស់​នៅរបស់ប្រជាពល​រដ្ឋគ្រប់ទីក​ន្លែង ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ។

ឯកឧត្តម អភិបាល​ខេត្ត បានណែនាំដល់ប្រជាកសិករទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅ​ក្រុងសែនមនោរម្យ ដែលមានផ្ទៃដីដាំដុះ ត្រូវយកពូជកូនប័រទាំងនេះទៅដាំដុះ ឲ្យទាន់ពេលវេលា ចៀសវាងទុកដីទំនេរចោល។ហើយត្រូវយកពូជកូនប័រទាំងនេះ ទៅដាំដុះ តាមបច្ចេកទេស របស់មន្រ្តីជំនាញ ដែលបានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អ។

ក្នុងនោះឯកឧត្តម ក៏បានសូមណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំ​ណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ហើយរដូវនេះ ជារដូវវស្សា ក៏សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និង​ត្រូវ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតផងដែរ៕