កញ្ឆាក្រៀមជាង៦០គីឡូ ត្រូវបានកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបបាន…
តាកែវ : នៅវេលាម៉ោង១៩:៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងជំនាញខេត្ត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ និងស្រុកកោះអណ្តែត សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ចុះបង្ក្រាបជាក់ស្ដែងករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ កញ្ឆាស្ងួត ដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់
១.ឈ្មោះ អ៊ុំ សុខ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិពងអណ្តើក ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ មុខរបរកសិករ ( សុីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ)
២.ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិតាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ មុខរបរលក់បាយ (រក្សាទុក ជួញដូរ)
ដកហូតវត្ថុតាង៖
១-កញ្ឆាក្រៀមចំនួន១១៩កញ្ចប់ យើងកាត់សំបកថង់ចេញ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥Kg ( កញ្ឆាស្ងួតសុទ្ធ )
២-ទូកកាណូ០១គ្រឿង ប្រវែង៨.១m ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស
៣-ទូរស័ព្ទដៃចំនួន០៣គ្រឿងម៉ាកOPPO ០២គ្រឿង.Nចុចពិល០១គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននិងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។