ហានិភ័យសុខភាព សាធារណៈពាក់ព័ន្ធ នឹងការជួញដូរសាច់ឆ្កែ និងឆ្មា

ភ្នំពេញ៖ យោងទៅតាម អង្គការ FOUR PAWS មានសត្វឆ្កែរហូតដល់ទៅ ៣ លានក្បាលត្រូវបានប៉ាន់ស្មានថាត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយការជួញដូរសាច់ឆ្កែនិងឆ្មានេះ គឺជាកត្តាចម្បងមួយបណ្តាលឱ្យមាន ហានិភ័យខ្ពស់នៃជំងឺជាច្រើននៅកម្ពុជា រួមទាំងជំងឺឆ្កែឆ្កួតផងដែរ។ ទន្ទឹមនឹង ការ ផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលអាចកើតចេញពីទីផ្សារលក់សត្វរស់ វាសំខាន់ណាស់ ដែលត្រូវចាំថាទីផ្សារលក់សត្វរស់ដែលលក់សត្វឆ្កែ នៅតែបើក ដំណើរការយ៉ាងសកម្មនៅកម្ពុជានៅឡើយ ហើយនេះ ជារឿងមួយ យ៉ាងសំខាន់ ដែលយើងត្រូវចូលរួមដោះស្រាយដើម្បីទប់ស្កាត់ឱកាសនៃការផ្ទុះឡើងនូវជំងឺកាចសាហាវណាមួយផ្សេងទៀត។

ក្នុងរបាយការណ៍ក៏បានចង្អុលបង្ហាញដែរថា អ្នកបរិភោគសាច់ឆ្កែនិងឆ្មា អាចទទួលរង ផលប៉ះពាល់ពីការផ្ទុះឡើង នៃជំងឺអាសន្នរោគដែលបណ្ដាលមក ពីពពួកបាក់តេរី វីប៊្រីយ៉ូ កូឡេរ៉ា និង ជំងឺទ្រីឈីនែឡាដែលជាជំងឺប៉ារ៉ាស៊ីតក្នុង ចំណីអាហារដែលចម្អិនមិនបានល្អ។ លើសពីនេះទៅទៀត អ្នកដែលហូប សាច់ឆ្កែ និងអ្នកពាក់ព័ន្ធនឹងការជួញដូរនេះ ក៏អាចប្រឈមនឹង ជំងឺអានត្រាក់ ជំងឺប៊្រុយសែសឡូស៊ីស ជំងឺរលាកថ្លើម និងជំងឺឡិបតូស្ដីរ៉ូស៊ីស ដែលជំងឺ ទាំងនេះបង្ កដោយមេរោគសាហាវ រួមមាន អ៊ីកូលី ១០៧ និង សាលម៉ូណេឡា ដែលភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាច់កខ្វក់។ លើសពីនេះទៅទៀត អ្នកដែលទទួលទានសាច់ឆ្កែក៏អាចទទួលរងនូវផលប៉ះពាល់ដោយសារធាតុពុលដូចជា ប៉ូសារធាតុប៉ូតាស្យូមស៊ីយានីត ស្ទ្រិចនីន និង ថ្នាំបន្ទន់សាច់ដុំ ស៊ូហ្សេមេថូនៀម ដែលត្រូវបានគេប្រើដើម្បីបំពុល និង ចាប់សត្វឆ្កែ។

តាមការស្រាវជ្រាវបានបង្ហាញថាសត្វឆ្កែរាប់សែនក្បាលត្រូវបានដឹកជញ្ជូនពីទីក្រុង បណ្ដាខេត្តនានា និងតំបន់ព្រំដែនទូទាំងប្រទេសកម្ពុជា រៀងរាល់ខែដើម្បី បំពេញតម្រូវការអ្នកបរិភោគ។ ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ គឺជាកន្លែងពេញ និយមបំផុតសម្រាប់ផ្គត់ផ្គង់សាច់ឆ្កែ។ ហើយខេត្តប៉ោយប៉ែត ត្រូវបានគេចាត់ទុក ថា ជាប្រភពផ្គត់ផ្គង់សាច់ឆ្កែធំជាងគេសម្រាប់ ហាងនានាក្នុងខេត្តសៀមរាប ផងដែរ។

ក្នុងឆ្នាំ ២០១៩ អង្គការ FOUR PAWS បានធ្វើការសិក្សាស្រាវជ្រាវលើការជួញដូរ សាច់ឆ្កែនៅកម្ពុជាហើយបានបង្ហាញឱ្យឃើញថា សម្រាប់អ្នកត្រូវបាន គេសម្ភាស ចំនួន ៥៣,៦% បានឆ្លើយថា ពួកគេធ្លាប់បានបរិភោគសាច់ឆ្កែ ម្ដងកាលក្នុងជីវិតរបស់ពួកគេ (ក្នុងនោះមានបុរស ៧២,៤% និងស្ត្រី ៣៤,៨%) ហើយ ១២,២% ទៀត ទទួលទានសាច់ឆ្កែជាប្រចាំ។ តាមរយៈការសិក្សានេះ គឺមានហេតុផលជាច្រើនដែលនៅពីក្រោយការបរិភោគសាច់ឆ្កែនេះក្នុងចំណោមអ្នកបរិភោគផ្សេងគ្នា។ ហេតុផលដំបូង គេជឿថាសាច់ឆ្កែជាម្ហូបក្លែម ពិសេស សម្រាប់ពេលផឹកស្រា។ មូលហេតុមួយទៀត គេជឿថាវាជួយបង្កើនលំហូរឈាម ជាពិសេសស្ត្រីក្នុងពេលមានរដូវ និងក្រោយពេលសម្រាលកូនរួច។ ហេតុផល ចុងក្រោយសម្រាប់មនុស្សមួយភាគតូច សាច់សត្វឆ្កែខ្មៅ ត្រូវបានគេជឿថា មានលក្ខណៈសម្បត្តិពិសេសខាងវេជ្ជសាស្ត្រ។

“ឈ្មួញបានលួចសត្វចិញ្ចឹម ឬសត្វអនាថា ហើយដឹកជញ្ជូនពួកគេទៅពាស ពេញ ប្រទេស សូម្បីតែនៅតាមបណ្ដាព្រំដែន។ គ្មាននរណាម្នាក់ដឹងទេថា តើសត្វទាំងនោះ មានឆ្លងជំងឺឆ្កែឆ្កួត ឬជំងឺផ្សេងៗទៀតដែរឬអត់។ ចំពោះ ការ ចាប់ឃុំទុក និង ការសម្លាប់សត្វឆ្កែនិងឆ្មាវិញ ភាគច្រើននៅតាមទីផ្សារ លក់ សត្វរស់ផ្ទាល់ ទីធ្លាក្រោយផ្ទះ គឺមិនត្រឹមតែប្រើវិធីឃោរឃៅ ថែមទាំង មិនបាន បំពេញតាមបទដ្ឋានអនាម័យត្រឹមត្រូវឡើយ។ ហេតុដូច្នេះហើយ វានឹងក្លាយ ជាកន្លែងបង្កាត់វីរុសរាតត្បាតដូចជា វីរុសកូរូណា ដែលពិភពលោកំពុងជួបប្រទះ ជាដើម។” នេះបើយោងទៅតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វនិងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ របស់អង្គការ FOUR PAWS។

ទាំងនេះបញ្ជាក់ច្បាស់ ណាស់ ថា ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ បង្កហានិភ័យ យ៉ាងខ្លាំងដល់មនុស្សនិងសត្វ។ ហើយអ្នកក៏អាចក្លាយ ជាជន រងគ្រោះម្នាក់ផងដែរ ដូច្នេះយើងត្រូវធ្វើការរួមគ្នាដើម្បីបញ្ឈប់ការជួយដូរសាច់ឆ្កែ ដើម្បីផលប្រយោជន៍សង្គម។

យោងតាមប្រសាសន៍ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា “សុនខ បាននឹងកំពុងចូលរួម យ៉ាងសកម្មក្នុងសកម្មភាពបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ អង្គការ ស៊ីម៉ាក់ មានសត្វសុនខសរុបរហូតដល់ ១០៥ ក្បាល់ ដែលកំពុងប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅតាម បណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា។ រហូតដល់បច្ចុប្បន្ននេះ សុនខបានចេញ ប្រតិបត្តិការរំដោះផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម បានចំនួន ៨០.៣៨៤.១១៩ ម៉ែត្រក្រឡា ហើយបានរកឃើញ គ្រាប់មីនចំនួន ៣៦២៤ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១៦.១២២ គ្រាប់ ។ នេះសបញ្ជាក់ឱ្យឃើញថា សុនខ ពិតជាបានជួយ សង្គ្រោះ ជីវិតមនុស្សជាច្រើន”៕