ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន អញ្ជើញប្រកាសផ្ទេរភារកិច្ចអភិបាលរង ស្រុកកំពង់សិលា

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ​អភិបាល​ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចអភិ បាលរងស្រុក​កំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដមជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការនៃសាលាស្រុកកំពង់សិលា ។ ពិធីប្រកាសផ្ទេរភារកិច្ចនេះ រៀបចំនៅសាលាស្រុកកំពង់សិលា កាលពីរសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសលេខ ២៣២៨ប្រក ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការឱ្យកាន់​មុខតំណែង​ជាអភិបាលរងស្រុកកំពង់សិលា ខេត្តព្រះសីហនុ លោក ទេព មុនី ឋានន្តរស័ក្តិ​អនុមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ឱ្យទៅកាន់តំណែងជា​អភិបាលរងនៃគណៈអភិបាលស្រុកកំពង់សិលា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះជាការផ្លាស់​ប្តូរការងាររបស់មន្ត្រីរាជការ ដែលបានបំពេញការងារជាអភិបាលរងស្រុករយៈពេល៨ឆ្នាំ ស្រប​តាម​មាត្រា១៤៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលអភិបាលអភិបាលរងមានអាណត្តិការងារ ៤ឆ្នាំ។

ឯកឧត្ដមអភិបាលខេត្ដបានធ្វើការណែ​នាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ការងារមួយចំនួនក្នុងការការងារសន្តិសុខ និង​នយោបាយក្នុងមូលដ្ឋាន ដោយទទួលខុសត្រូវ ឯកភាពរួមគ្នាដោះស្រាយ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។ រៀបចំសណ្តាប់ធ្នាប់សាធារណប្រកបដោយតម្លាភាព ថែរក្សា​ដីចំណីផ្លូវ ឬគម្របព្រៃឈើរបស់រដ្ឋឱ្យមានប្រសិទ្ធភាព ហើយក្នុងឆ្នាំ២០២០ ថវិកាអភិវឌ្ឍន៍​មូលដ្ឋានរបស់ថ្នាក់ក្រោមជាតិមានការកើនឡើង ដូច្នេះយើងរួមគ្នាប្រើប្រាស់កញ្ចប់ថវិកា​ទទួលបានលទ្ធផលផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ ត្រូវរៀបចំផែនការអាទិភាព ដើម្បីអភិវឌ្ឍន៍​ក្នុងមូលដ្ឋាន។

ចំពោះការងារជួយសង្គ្រោះ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចុះពិនិត្យ និងវាយតម្លៃគ្រួសារក្រីក្រដែលខ្វះខាតស្បៀងដែលជួបវិវិបត្តិកូវីដ-១៩, ដោយឡេក​របៀបរបបការងារ ត្រូវបែងចែកការងារ ភារកិច្ចដល់មន្ត្រីក្រោមឱវាទ ដោយ​អនុវត្តន៍តាមច្បាប់ មិនត្រូវធ្វើការងារតាមទម្លាប់ បង្កើនសមត្ថភាពមន្ត្រី។ ការផ្សព្វផ្សាយ មេឃុំ ស្មៀន ត្រូវបង្កើតហ្វេសប៊ុក ឬផេក ដើម្បីបង្ហោះសកម្មភាពការងារ ហើយនៅឆ្នាំ២០២១​ខាងមុខ រដ្ឋបាលខេត្ត និងដាក់ឱ្យធ្វើការប្រឡងប្រណាំងការងារបម្រើ​សេវាសាធារណៈ​នៅ​តាម​ឃុំ សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ហើយបន្ថែមពីនេះទៀត​អាជ្ញាធរមូលដ្ឋាន​ត្រូវ​ចូល​រួមកាត់បន្ថយទំនាស់ រួមគ្នាដោះស្រាយប្រកបដោយតម្លាភាព។

ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ រួមគ្នា​ថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព បង្កើនការពង្រឹងសមត្ថភាពដល់រដ្ឋបាលស្រុក រដ្ឋបាល​​ឃុំ ដើម្បីឆ្លើយតបតាមតម្រូវការ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ ពិសេសការអនុវត្តឱ្យកាន់តែខ្លាំងក្លានូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពង្រឹង​​ការអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗទៀត ៕