ឯកឧត្តមខៀវកាញារីទ្ធចង់អោយគ្រប់អង្គភាពទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ថ្ងៃចេញផ្សាយៈ July 3, 2020
SLP៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចង់អោយអង្គភាពទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពុំចាំបាច់តែស្ថាប័នសារព័ត៌មាននោះទេ ដើម្បីធានាប្រសិទ្ធភាពនៃការបន្សាបព័ត៌មានក្លែងក្លាយអោយបានទាន់ពេលវេលា។ថ្លែងក្នុងសិក្ខាសាលាស្តីពី”កិច្ចពិភាក្សាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ផ្សព្វផ្សាយព័ត៌មានច្បាប់និង សេរីភាពបញ្ចេញមតិ” ដែលរៀបចំដោយ វិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD ដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងកូលាឡាំពួរ ប្រទេសម៉ាឡេស៊ី សហការណ៍ជាមួយ និងក្រសួងព័ត៌មាន នៃប្រទេសកម្ពុជានៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២០ តាមរយះប្រពន្ធ័ Video-Conference ឯកឧត្តមរដ្ឋមន្តី្របានមានប្រសាសន៍ថា ការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាបញ្ហាមួយដ៏សំខាន់ដែលពិភពលោក ត្រូវយកចិត្ត ទុកដាក់បំផុត។ ដូច្នេះការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគឺកើតឡើង មិនមែនចេញតែពីអង្គភាពមួយនោះទេ សំខាន់ត្រូវមានការយល់ដឹងទាំងអស់គ្នា ជាពិសេសស្ថាប័នសារព័ត៌មាន នេះតែម្តង។តាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា អង្គសិក្ខាសាលាដែលបានធ្វើឡើងនាឱកាសនេះ គឺជាគំនិតផ្តួចផ្តើម ដោយ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ កាលពីកំឡុងនៃការធ្វើ សន្និសីទកំពូល សារព័ត៌មានអាស៊ី នៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២០ ហើយសម្រាប់ពេលនេះ វិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយ គឺបានអញ្ជើញវាគ្មិនសំខាន់ៗ ចូលរួមធ្វើការពិភាក្សាគ្នាថា តើត្រូវធ្វើយ៉ាងណាអោយដំណើរប្រយុទ្ធប្រឆាំងព័ត៌មាន
ក្លែងក្លាយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្រាប់វាគ្មិនរបស់ AIBD មានក្រុមការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មកពីទីក្រុងហុងកុង អង្គការយូនីស្កូ ដែលជាអង្គភាពមួយយកចិត្តទុកដាក់លើការងារព័ត៌មាន ។
សូមបញ្ជាក់ថា វិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD សហការជាមួយដៃគូ និងអង្គការអន្តរជាតិរបស់ខ្លួន បានរៀបចំកិច្ចជាសិក្ខាសាលានេះឡើង ដើម្បីជាការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពិសេសសម្រាប់អ្នកសារ ព័ត៌មានក្នុងតំបន់ និងពិភពលោក បានយល់ច្បាស់ និងមានវិធានការចូលរួមទប់ស្កាត់ទាំងអស់គ្នា៕