អភិបាលខេត្ដព្រះវិហារ នាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅក្នុង វត្តចំនួន២០ ក្នុងស្រុកគូលែន
SLP: ព្រះវិហារ ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២០
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការអង្គភាពជុំវិញខេត្តបាននាំយកទេយ្យទានមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន២០ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២០ នៅក្នុងវត្តពោធិ៍បញ្ចសហស្សារាម (ហៅវត្តដើមពោធិ៍ប្រាំពាន់ដើម) ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ដោយសារប្រទេសមានសុខសន្តិភាព មានស្ថិរភាពពេញលេញក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះ បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាក៏កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ គឺទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាង ក្នុងការប្រកបអាជីវកម្ម រកទទួលទានបានធូរធាគ្រប់ៗក្រុមគ្រួសារទៀតផង ។
ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមើលថែរក្សា ដល់កូនចៅតូចៗកុំឱ្យមានការគ្រោះថ្នាក់ ព្រោះថារដូវនេះជារដូវភ្លៀងធ្លាក់វានឹងងាយកើតជំងឺដល់ក្មេងៗជាពិសេសជំងឺគ្រុនឈាមតែម្ដង ត្រូវចេះអនាម័យ ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាតជានិច្ច ជាពិសេសការពារជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តម ក៏បានជំរុញដល់ស្ថាប័នមានសមត្ថកិច្ចធ្វើយ៉ាងណាត្រូវសហការគ្នាដើម្បីទប់ស្កាត់និងបង្គ្រាបបទល្មើសធនធានធម្មជាតិ មានដូចជាបទល្មើសព្រៃឈើ បទល្មើសរុករករ៉ែខុសច្បាប់ ជួញដូរសត្វព្រៃ ជួញដូគ្រឿងញៀន ជាពិសេសធនធានធម្មជាតិតែម្ដងត្រូវតែបង្គ្រាបឱ្យខានតែបាន។
សូមបញ្ជាក់ថា ទេយ្យទានដែលវត្តនីមួយៗទទួលបាន រួមមានទៀនព្រះវស្សា ០១គូរ មី ០១កេសធំ ត្រីខ ០៥យួរ ទឹកសុទ្ធ ០២កេស ទឹកក្រូច ០១កេស អង្ករ ០១បេ ប្រេងម៉ាស៊ូត ៣០លីត្រ ថវិកា ២០០,០០០រៀល ៕ ដោយ ទិត ស្រ៊