រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៣ នឹងមានស្ពានអាកាសចំនួនពីរកន្លែង នៅទីតាំងផ្សារ សម្រាប់អ្នកដំណើរឆ្លងកាត់
ចេញផ្សាយ ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2020
SLP.ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវជាតិលេខ៣ នឹងត្រូវបានសាងសង់ស្ពានអាកាសចំនួនពីរកន្លែង នៅទីតាំងផ្សារសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ដើម្បីចៀងវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយនឹងត្រូវរៀបចំធ្វើនាពេលឆាប់ៗខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ឯកឧត្ដមបានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺ និងអភិបាលខេត្តតាកែវ លើការសាងសង់ស្ពានអាកាសឆ្លងកាត់នៅកន្លែងផ្សាររួចហើយ។ ឯកឧត្តមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា “យើងមិនអាចឱ្យគាត់ឆ្លងកាត់បានទេ ព្រោះថាមានផ្លូវ៤គន្លង អីញ្ចឹងបើគាត់ឆ្លងកាត់វាអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ចំពោះគាត់។ យើងបានសម្រេចហើយ និងកំពុងសាងសង់ស្អានអាកាសពីរកន្លែង គឺមួយនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ”។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដថា ដោយមានសំណើពីឯកឧត្ដមអភិបាលខេត្តតាកែវលើកឡើងថា ដោយសារផ្លូវប្រសព្វមានទំហំតូចពេក ស្នើសុំក្រុមហ៊ុនពង្រីកឱ្យបាន៣០០ម៉ែត្រទាំងសងខាង ដើម្បីធ្វើយ៉ាងណា កុំឱ្យកកស្ទះចរាចរណ៍នៅពេលបត់រថយន្ត។ ទន្ទឹមនេះ ជាការឆ្លើយតបក្រុមហ៊ុនក៏បានយល់ព្រមចំពោះសំណើរបស់អភិបាលខេត្តតាកែវ ផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានធ្វើការបណ្តុះបណ្តាលដល់តៃកុងរថយន្តចំនួន១១វគ្គ ក្នុងនោះ អ្នកបើករថយន្តធន់ធ្ងន់ បាន៦០០នាក់ លើ៧០៦នាក់ និងបានប្រឡងជាប់៦៥៦នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ទោះបីជាមានការកកស្ទះដោយសារជំងឺកូវីដ-១៩ ក៏ដោយក្រសួងមិនបានអូសបន្លាយរយៈពេលនោះទេ គឺបានធ្វើ ការបើកបង្រៀនអ្នកបើកបររថយន្ដតែម្តង ហើយនៅពាក់កណ្តាលខែនេះ នឹងបើកបង្រៀនចំនួន១៨០នាក់ទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕