ឯកឧត្តម ចម ប្រសិទ្ធ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ បំពេញបេសកកម្មការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត
ចេញផ្សាយ ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2020
SLP. កំពត ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០
ដើម្បីភាពជោគជ័យក្នុងការរួមចំណែកបម្រើឱ្យគោលនយោបាយ របស់រាជរដ្ឋាភិបាល ឈានទៅរកការឆ្លើយតបបាននូវសំណូមពរ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ការជឿជាក់ និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុង ក្របខ័ណ្ឌសុខសន្តិភាព និងការអភិវឌ្ឍជូនមូលដ្ឋាន មន្ត្រីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត គ្រប់ថ្នាក់ត្រូវបន្តបង្កើនស្មារតីយកចិត្តទុកដាក់បំពេញបេសកកម្ម ការងារ នេះឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។
នេះជាការលើកឡើងរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នៅក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆមាសទី១ និងលើកទិសដៅ បន្តឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារ រាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលា ខេត្តកំពត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបន្តទៀតថា ដើម្បីពង្រឹងការត្រួតពិនិត្យ និងការគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់ តែមានប្រសិទ្ធភាព មន្ត្រីក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាននៃខេត្តកំពតគ្រប់ថ្នាក់ ត្រូវបន្ត ជំរុញការចូលរួម ជួយប្រឹក្សាផ្ដល់យោបល់និងដល់អាជ្ញាធរក្នុងគោលដៅ ការលើក កម្ពស់ផ្ដល់សេវារដ្ឋបាល សេវាសាធារណៈនិងសេវាសំណូមពរពីប្រជាពលរដ្ឋ ឱ្យបានតាម ពាក្យស្លោកធ្វើឱ្យបានធ្វើឱ្យរហ័សនិងមានតម្លាភាព។
ប្រធានក្រុមការងារបានបន្តលើកឡើងផងដែរថា លទ្ធផលសកម្មភាពរបស់ ក្រុមការ ងារនារយៈពេលកន្លងមក តែងបានផ្តើមចេញពីកិច្ចសហការគ្នាល្អ ចុះជាប់តាមមូលដ្ឋានឃុំ សង្កាត់ នឹងបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ សាកសួរសុខទុក្ខ ឬកិច្ចប្រជុំនានា ដើម្បីក្ដាប់យកសភាពការណ៍ បញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីគ្នារួមគ្នាដោះស្រាយប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ រវាងក្រុមការងារគ្រប់ ថ្នាក់ជាមួយប្រជាពលរដ្ឋ ក្នុងគោលដៅជំរុញការអភិវឌ្ឍរីកចម្រើនជីវភាពរស់នៅ ក្នុងមូលដ្ឋាន។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ ឯកឧត្តមក៏បានវាយតម្លៃលទ្ធផលការងារ និងថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ព្រមទាំងរដ្ឋបាលខេត្តនិងបណ្ដាក្រុង ស្រុក ក្នុងខេត្តដែលតែងតែបានយកចិត្តទុកដាក់ ជំរុញការដោះស្រាយ រាល់បញ្ហាសំណូមពរ តម្រូវការជាក់ស្ដែង សេវារដ្ឋបាល សេវាសាធារណៈ ប្រកបដោយអភិបាលកិច្ចល្អ តម្លាភាព ពិសេសក្នុងស្ថានភាព ពិភពលោកក៏ដូចជាកម្ពុជាយើងស្ថិតនៅក្នុងស្ថានភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងការផ្សព្វផ្សាយ អប់រំវិធានការការពារ និងការដោះ ស្រាយជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយ ប្រសិទ្ធភាព ប្រសិទ្ធផលទាន់ពេលវេលាយ៉ាងល្អប្រសើរ។
តាមរបាយការណ៍របស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ក្រៅពីលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សម្រេចបាន កន្លងមក ក្នុងនោះរដ្ឋបាលខេត្តក៏សម្រេចបានលទ្ធផលការងារលើគ្រប់វិស័យ គួរឱ្យកត់ សម្គាល់ទាំងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្ដល់សេវារដ្ឋបាល និងសេវា សាធារណៈ ការងារសេដ្ឋកិច្ច ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារវេទិកា សាធារណៈជួបជាមួយប្រជាពលរដ្ឋ ពិសេសសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ បានធ្វើការអប់រំផ្សព្វផ្សាយ និងចូលរួមទប់ស្កាត់តាមវិធានការណែនាំរបស់ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានឧបត្ថម្ភនូវ អង្ករចំនួន១៣តោនដល់រដ្ឋបាលខេត្ត និងក្រុង ស្រុកទាំង៨ សម្រាប់ត្រៀម បម្រុងដោះស្រាយជូនប្រជាពលរដ្ឋខ្វះខាត និងបានបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រុមការងារសរុបចំនួន៦៧០នាក់ ក្នុងចំណោមមេដាយ បាន ស្នើរាជរដ្ឋាភិបាលប្រមាណជាងមួយពាន់ មេដាយ ដែលបានធ្វើពិធី បំពាក់នារយៈពេលកន្លងរួចមកហើយផងដែរ៕