អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបន្តនាំស្បៀងជូនពលរដ្ឋខ្វះខាត
ចេញផ្សាយ ថ្ងៃទី 13 ខែ កក្កដា ឆ្នាំ 2020
SLP. បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០–
អភិបាលខេត្តបន្ទាយមានជ័យ រួមនឹង ក្រុមការងារ បានបន្តធ្វើសកម្មភាពការងារមនុស្សធម៌ នៅតាមមូលដ្ឋានក្នុងការនាំយកស្បៀង អាហារទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបបញ្ហាលំបាកខ្វះខាត និងបញ្ជ្រាបការយល់ដឹង នូវវិធីសាស្ត្រទាំងឡាយក្នុងការបង្ការ និងទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត លើពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។
កាលពីថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្ស ធម៌របស់រដ្ឋបាលខេត្ត ទៅចែកជូនប្រជាពលរដ្ឋ ៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ចាស់ ជរា ក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ដើម្បីជួយទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ កំពុង ជួបការលំបាក នៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរួមគ្នា ប្រយុទ្ធប្រឆាំងនោះ។
នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺ ឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ បន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែស ឱ្យសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល ហើយ ពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវនៅទីកន្លែងដែលមានមនុស្សច្រើន ចៀសវាងការឆ្លងរោគពី ម្នាក់ទៅម្នាក់។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋខ្វះខាតនៅពេលនេះ ដោយក្នុង ១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១០ កំប៉ុង, សាប៊ូ២ដុំ, ក្រមា១ និង ថវិកា ១ម៉ឺនរៀល ផងដែរ៕