កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ន ជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
SLP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ —
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយរយៈ ចាប់ពីខែសីហាតទៅ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ លើការផ្អាកជើងហោះហើរនេះ តបតាមសំណើរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។
ការផ្អាកនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ហើយវិធានការនេះគឺដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងពីខាងក្រៅ ដោយសារការរកឃើញករណីឆ្លងកើនឡើងខ្ពស់ ក្នុងចំណោមអ្នកដំណើរតាមជើងយន្តហោះមកពីប្រទេសទាំងពីរ។ នេះបើតាមការពន្យល់របស់ក្រសួងសុខាភិបាលនៅក្នុងលិខិតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ។
ម៉្យាងទៀត វិធានការនេះក៏ដើម្បីបង្កើនការការពារសុខភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះចាប់ពីខែសីហា និងខែកញ្ញា ទៅ ប្រទេសយើងនឹងមានការឈប់សម្រាក ក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ១៩ ។
យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលចុងក្រោយ ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវីរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់ លើ១០៨នាក់) និងឥណ្ឌូនេស៊ី លើអ្នកដំណើរសរុបចំនួន ២៣.៥៦៧ នាក់។
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅកម្ពុជា មានករណីវិជ្ជមានកូវីដ១៩ ចំនួន ២២៥ នាក់ ក្នុងនោះករណីជាសះស្បើយមានចំនួន ១៤៣ នាក់ ៕