ធម៌៖ ក្រសួងកំពុងសិក្សានូវជម្រើសជំនួយផ្នែកច្បាប់ ដើម្បីជួយដល់ស្ត្រីខ្មែរមួយរូប ដែលត្រូវតុលាការប្រទេសវៀតណាមកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន

ចេញផ្សាយ ថ្ងៃទី 4 ខែ សីហា ឆ្នាំ 2020

SLP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (SLP) ថា ក្រសួងកំពុងតែសិក្សានូវជម្រើសពីរ គឺជំនួយផ្នែកច្បាប់ផ្នែកពីក្រសួងយុត្តិធម៌ ដើម្បីប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់ប្រទេសវៀតណាម ទៅតុលាការថ្នាក់ឧទ្ធរណ៍បន្តទៀត និងជម្រើសនៃការធ្វើបត្យាប័ន ឬផ្ទេរអ្នកទោស បន្ទាប់ពីមានការកាត់ទោសប្រហារជីវិតស្ត្រីជនជាតិខ្មែរម្នាក់ ពីបទរត់ពន្ធគ្រឿងញៀនប្រមាណជិត៥គីឡូក្រាម ចូលទៅប្រទេសវៀតណាម។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ “ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ហើយករណីនេះ គឺពុំទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ហើយក្រសួងបា ននិងកំពុងសិក្សាជម្រើសជំនួយផ្លូវច្បាប់ដល់ស្ត្រីរូបនេះ ក្នុងនោះគឺជម្រើសនៃជំនួយផ្លូវច្បាប់ដើម្បីប្តឹងទាស់ទៅតុលាការថ្នាក់ឧទ្ធរណ៍វៀតណាមបន្តទៀត និងជម្រើសមួយទៀត គឺអាចនឹងប្រើយន្តការផ្នែកច្បាប់ ដែលមានស្រាប់ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម តាមរយៈកិច្ចព្រមព្រៀងធ្វើបត្យាប័នអ្នកទោស និងផ្ទេរអ្នកទោស។ ខ្ញុំសូមជម្រាបជូនថា ករណីស្ត្រីជនជាតិខ្មែររូបនេះ គឺប្រហែលជាស្ថិតក្នុងយន្តការច្បាប់នៃការផ្ទេរអ្នកទោស”។

ដោយឡែក ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ SLP អំពីករណីនេះដែរថា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានយកចិត្តទុកដាក់តាមដានករណីនេះ និងបានចូលរួមស្តាប់សវនាការកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នោះផងដែរ។ តាមរយៈការកាត់ទោសនេះ ស្ត្រីរូបនេះ មានសិទ្ធិក្នុងការប្តឹងទាស់ទៅសាលាឧទ្ធរណ៍ក្នុងអំឡុងពេល១៥ថ្ងៃ បន្ទាប់ពីទទួលការប្រកាសចោទប្រកាន់នេះ ។

ឯកឧត្តម កុយ គួង បានសង្កត់ធ្ងន់ថា៖ “ស្ត្រីខ្មែររូបនេះ បានរៀបចំប្តឹងទាស់សាលដីការនេះរួចហើយ ទៅតុលាការឧទ្ធរណ៍ ពាក់ព័ន្ធនឹងសេចក្តីប្រកាសចោទប្រកាន់មកលើរូបគាត់ ហើយក្រសួងការបរទេស ក៏ដូចជាអគ្គកុងស៊ុលកម្ពុជាយើង ប្រចាំទីក្រុងហូជីមិញ នឹងបន្តជួយស្ត្រីរូបនេះ ដើម្បីទទួលបានយុត្តិធម៌ និងតាមដានករណីនេះជាបន្តទៀត”។

គួររម្លឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីកម្ពុជាម្នាក់ ដែលមានឈ្មោះថា មៀច ស្រីនាង អាយុ២៧ឆ្នាំ ត្រូវបានតុលាការខេត្តតៃនិញ នៃប្រទេសវៀតណាម កាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនឆ្លងដែនចូលប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ សូមបញ្ជាក់ថា គ្រឿងញៀនទាំងអស់នោះមានចំនួន០៥កញ្ចប់ និងមានទម្ងន់ ៤,៩៤៣ក្រាម៕