វីរនារីជំនាញដោះមីនរាប់រយពាន់គ្រាប់ម្នាក់នៅខេត្តស្វាយរៀងអំពាវនាវរកសប្បុរសជនជួយឧបត្ថម្ភនៅជីវិតចុងក្រោយ

SLP ចេញផ្សាយថ្ងៃទី០៨ខែសីហាឆ្នាំ២០២០

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ដែលគេចាត់ទុកជាវីរនារីអង្គភាពដោះមីនខេត្តស្វាយរៀង ឈ្មោះ គង់ សារឿន អាយុ៦២ឆ្នាំ រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឈប់ធ្វើការមានទុក្ខយ៉ាងទម្ងន់ ដោយរូបលោកស្រីមានជំងឺស្ពឹកមួយចំហៀងខ្លួន ទៅណាលែងរួចនៅតែលើគ្រែ ចំណែកស្វាមីឈ្មោះ ភោគ សំអុល អាយុ៧០ឆ្នាំ មានជំងឺលើសឈាម ទឹកនោមផ្អែម ឈានដល់ដំណាក់កាលចុងក្រោយ ត្រូវបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

ចំពោះមុខអ្នកសារព័ត៌មានលោកស្រីបានលើកដៃសំពះ អំពាវនាវរកសប្បុរសជន មេត្តាជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងថវិកា ជួយសង្គ្រោះជីវិតស្វាមី និងរូបគាត់ដោយអនុគ្រោះ នៅជីវិតចុងក្រោយនេះផង។

លោកស្រីរៀបរាប់ថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ លោកស្រីបានស្មគ្រ័ចិត្តចូលបម្រើការងារក្នុងអង្គភាពដោះមីនខេត្តស្វាយរៀង ហើយបានដោះមីនគ្រប់ប្រភេទ ដោះចម្រូង និងប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះសម័យសង្គ្រាមជារៀងរាល់ថ្ងៃ គ្មានថ្ងៃសម្រាកទេ គឺដោះ មីនរយៈពេល១៣ឆ្នាំរហូតដល់ឆ្នាំ១៩៩២ ទើបរដ្ឋាភិបាលរំសាយអង្គភាពដោះមីន បានមីនចម្រូងរាប់រយរាប់ពាន់។

លោកស្រីបន្តទៀតថា នៅក្នុងរយៈពេល១៣ឆ្នាំធ្វើការដោះមីននោះរដ្ឋាភិបាលបានផ្តល់គ្រឿងឥសរិយយស់ចំនួន០៦គឺ ៖ ១,មេដាយយុទ្ធជនប្តេជ្ញាឈ្នះ១គ្រឿង, ២,មេដាយការពារមាតុភូមិមួយគ្រឿង, ៣,មេដាយយុទ្ធជ័យថ្នាក់ទី២មួយគ្រឿង, ៤,មេដាយវីរជន១គ្រឿង, ៥ មេដាយស្ថាបនាឌិន១គ្រឿង និងចុងក្រោយព្រះមហាក្សត្របានព្រះរាជប្រទាន មេដាយ១គ្រឿង។ ហើយនៅឆ្នាំ២០០៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង់ផ្ទះឲ្យ១ខ្នង តាមរយៈលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ទំហំ៥ម៉ែត្រគុណ៩ម៉ែត្រ រហូតមកដល់បច្ចុប្បន្នគឺចាស់ទ្រុឌទ្រោមបន្តិចហើយ ប្រេះបែកជើងតាងអស់ហើយ ពេលមានភ្លៀងផ្គរខ្យល់កន្ត្រាក់ គឺមិនហ៊ាននៅលើផ្ទះទេ ចុះមកនៅខ្ទមខាងក្រៅផ្ទះ។

លោកស្រីបន្តទៀតថា គាត់មានស្វាមី មានកូន០៣នាក់ស្រី២នាក់ មិនបានរៀនសូត្រចេះជ្រៅជ្រះទេដោយជីវភាពក្រីក្រ មានតែដីលំនៅ ឋានទំហំ៣០ម៉ែត្រគុណ៤០ម៉ែត្រប៉ុណ្ណោះ ដោយគ្មានដីស្រែធ្វើដូចគេទេ ទើបជីវភាពលំបាក។ បច្ចុប្បន្នកូនទាំង០៣នាក់បានរៀបការអស់ហើយកូនទី១មានប្តីទៅរស់នៅខេត្តកំពង់ចាម, កូនស្រីទី២ មានប្តីហើយទៅរស់នៅខាងប្តី ក្នុងភូមិអូរក្អាមដែរក៏ប៉ុន្តែមានជីវភាពក្រីក្រ ធ្វើការនៅក្នុងរោងចក្រ។ រីឯកូនប្រុសមានប្រពន្ធហើយដែរ រស់នៅក្នុងឃុំសំបួរ ស្រុកស្វាយទាបដែរក៏ប៉ុន្តែមានជីវភាពក្រីក្រ ប្រពន្ធធ្វើការ រោងចក្រពេលថ្ងៃ ចំណែកប្តីធ្វើការរោងចក្រនៅពេលយប់ ហើយសពថ្ងៃបានយកចៅប្រុសម្នាក់មកចិញ្ចឹមឈ្មោះ ទឹមកក្កដា អាយុ១១ឆ្នាំរៀនថ្នាក់ទី៤។

លោកស្រីបន្តទៀតថា កន្លងមកមានការលំបាកក្នុងជីវភាពយ៉ាងខ្លាំងទើបតែខែសីហារនេះគាត់បានសុំបណ្ណ័សមធម៌នៅខេត្តស្វាយរៀងពេលស្វាមីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត អាជ្ញាធរឲ្យបណ្ណក្រ២ បើកប្រាក់បាន១៧៧,០០០រៀល។ រីឯស្វាមីគាត់មានជម្ងឺដេកពេទ្យនេះរយៈពេល២ឆ្នាំមកហើយបច្ចុប្បន្នគឺកំពុងដាក់ខ្យល់ឧកស៊ីស៊ែនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ហើយរូបគាត់នៅផ្ទះ២នាក់និងចៅ កូនស្រីនៅថែឪពុកនៅពេទ្យ កំពុងជួបការលំបាកយ៉ាងខ្លាំងសូមសប្បុរសមេត្តាជួយដោយអនុគ្រោះ៕