សម្ដេចតេជោ ហ៊ុន សែន៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ចក្រោយវិបត្តិនេះ ទាមទារនូវកិច្ចសហប្រតិបត្តិការជាអន្តរជាតិលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ
SLP ភ្នំពេញ ថ្ងៃទី10 ខែសីហា ឆ្នាំ២០២០–
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ចក្រោយវិបត្តិនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ កិច្ចការនេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដែលសកលលោកទាំងមូលត្រូវតែពួតដៃគ្នា ប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុងសារជាវីដេអូ ដែលផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅក្នុងមហាសន្និបាតនៃក្ដីសង្ឃឹម ក្រោមប្រធានបទ«ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩: ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ។
នៅក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវទស្សនៈមួយចំនួន ដែលក្នុងនោះរួមមាន ទីមួយៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជាបញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងកិច្ចដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកលជាដើម ដែលប្រការទាំងអស់នេះកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។ ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល សំដៅគាំទ្រពហុនិយមរិតតែមានភាពចាំបាច់ស្រួចស្រាល់ឡើងថែមទៀត។ ក្នុងស្មារតីនេះ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក ដែលប្រជាជនគ្រប់រូបនៅគ្រប់ទិសទីអាចទទួលបាន។
ទីពីរៈ យើងត្រូវចៀសវាងការរើសអើសពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាប់ដ៏អាក្រក់មួយនាំទៅដល់ការបែកបាក់សាមគ្គីភាព ខណៈពិភពលោកទាំងមូលកំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពជាអន្តរជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ចូលចតនាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០។ កម្ពុជាមិនត្រឹមតែបាន និងកំពុងព្យាបាលពលរដ្ឋខ្មែរប៉ណ្ណោះទេ ប៉ុន្តែក៏បានជួយព្យាបាលទាំងជនបរទេសផងដែរ។
ទីបីៈ ជាទិសដៅទៅមុខ យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឱ្យបានល្អក្រោយអំឡុងពេលវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចបានគោលដៅនេះ យើងគួររៀបចំផែនការស្ដារឡើងវិញប្រកបដោយភាពជាក់លាក់មួយ ដោយដាក់ចេញនូវសេណារីយ៉ូមួយចំនួនសម្រាប់បើកឱ្យដំណើរការជាបណ្ដើរៗនូវការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងការស្ដារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។
ទីបួនៈ យើងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញសាកលភាវូបនីយកម្ម និងពង្រឹងយន្តការពហុភាគីនិយម ដើម្បីធានានូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ យើងត្រូវធានាថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើងនៅតែរក្សាបាននូងស្មារតីបើកចំហ និងគាំទ្រពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍប្រទេសនីមួយៗ និងសម្រចបាននូវរបៀបវារៈសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ទីប្រាំៈ ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខនៅលើសកលលោកទាំងមូល គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ ដូច្នេះ ការកសាង និងថែរក្សាឱ្យខាងតែបាននូវសន្តិភាពនិងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។ យើងត្រូវជំរុញការចេះស្រឡាញ់គ្នាទៅវិញទៅមក ផ្ដល់គុណតម្លៃ និងការគិតគូរខ្ពស់ដល់មនុស្សជាតិ រួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម និងគោរពចម្រុះ នៃជំនឿសាសនា និងវប្បធម៌នៅក្នុង និងរវាងសង្គមជាតិនីមួយៗ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រមុខដឹកនាំទាំងអស់រួមគ្នាសំដែងនូវសុឆន្ទៈ និងការទទួខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ និងដើម្បីរក្សាបាននូវបរិយាកាសអនុគ្រោះប្រកបដោយសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាសម្រាប់ការរីកចម្រើន និងវិបុលភាពនៃប្រទេសជាតិទាំងអស់គ្នា ហើយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីគោលដៅដ៏ពិសិដ្ឋនេះ៕