កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងបង្រ្កាបគ្រឿងញៀនទីតាំងកោះពេជ្រ

SLP ចេញផ្សាយថ្ងៃទី 13 ខែសីហាឆ្នាំ 2020

ភ្នំពេញ៖កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងមន្ត្រីនគរបាលខណ្ឌ ចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី និងលោក សេង រតនៈ ជាក្រឡាបញ្ជី ឲ្យធ្វើការឆែកឆេរបន្ទប់លេខ៧២១ ជាន់ទី៧ នៃ ខុនដូរ Diamond one សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ សីហា ២០២០។

ប្រតិបត្តិការនេះធ្វើឡើង ក្រោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ កាលពីវេលាម៉ោង៩ និង៣០
នាទីយប់ថ្ងៃពុធ ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ ចំពោះក្នុងហេតុការណ៍នោះ​ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន២នាក់​ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់​ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់​វិញ ។

ជាលទ្ធផលក្នុងការឆែកឆេរសមត្ថកិច្ចយើងបានរកឃើញសម្ភារៈវត្ថុតាងរួមមាន៖ ១-ម្សៅម៉ត់ពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់ថង់ (តូច០៤កញ្ចប់ និងធំ០៣កញ្ចប់) ២-ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់ ៣-ម្សៅម៉ត់ពណ៌ស លាយពណ៌ទឹកដោះគោចំនួន០១កញ្ចប់តូច។ ៤-កព្ឆាក្រៀមចំនួន០១កញ្ចប់ ៥-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០៥គ្រឿង៦-សម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ៧-អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០១ដើម។៨-រថយន្តម៉ាក Toyota Tundra ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-1235 ចំនួន០១គ្រឿង។

បច្ចុប្បន្នសម្ភារៈវត្ថុតាងនិងជនសង្ស័យខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធី៕