សម្តេចតេជោ អំពាវនាវ ដល់គណៈគណៈគ្រប់គ្រងសាលា ព្រមទាំងគ្រូៗ និងសិស្សានុសិស្សទាំងអស់ ឲ្យប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចេញសារ អំពាវនាវ ដល់គណៈគណៈគ្រប់គ្រងសាលា ព្រមទាំងគ្រូៗ និងសិស្សានុសិស្សទាំងអស់ ឲ្យប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា »ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀនសិស្សដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕