គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតតាមអនឡាញនៅឆ្នាំ២០២១ ដើម្បីជាការសាកល្បង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតតាមអនឡាញ (Online) នៅឆ្នាំ២០២១ដើម្បីជាការសាកល្បង មុននឹងឈានទៅធ្វើការអនុវត្តជាក់ស្តែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

  ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និង លោកស្រី ហារូកូ កាម៉ី(Haruko Kamei) ប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា នៅឆ្នាំ២០២១ខាងមុខនេះ គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសាកល្បងមួយតាមប្រព័ន្ធអនឡាញ ដោយប្រើការគ្រប់គ្រងព័ត៌មានតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន វិទ្យា ទៅលើការចុះបញ្ជីបេក្ខជននិងគណបក្សនយោបាយ និងការបញ្ជូនលទ្ធផលការបោះឆ្នោតពីគ្រប់ការិយាល័យបោះឆ្នោត ដែលមានជាង២ម៉ឺននៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក្តី ការរៀបចំការបោះឆ្នោតបែបនេះ ត្រូវការនូវសម្ភារបច្ចេកទេស និងអ្នកជំនាញការជាច្រើន សម្រាប់ជួយដល់កិច្ចការនេះ។

  អ្នកនាំពាក្យរូបនេះ បានឱ្យដឹងបន្ថែមថា គ.ជ.បបានដាក់សំណើមួយទៅកាន់ប្រទេសជប៉ុន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ហៅកាត់ថា CDC និង JICA កាលពីខែសីហា ឆ្នាំ២០២០ ដើម្បីផ្តល់នូវជំនួយជាសម្ភារបច្ចេកទេសមានដូចជា កុំព្យូទ័រយួរដៃចំនួន២.០០០គ្រឿង យូអេសប៊ី និងសម្ភារដែលបម្រើការបោះឆ្នោតផ្សេងទៀត សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

  បើតាមការអះអាងរបស់ឯកឧត្តម ឌឹម សុវណ្ណារុំ គឺសំណើនេះ ត្រូវបានភាគីជប៉ុនទទួលយកហើយ ដោយភាគីជប៉ុន ចាប់អារម្មណ៍ខ្លាំងទៅលើការរៀបចំការបោះឆ្នោត ដែលគ.ជ.ប គ្រោងធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានាឆ្នាំខាងមុខ។

  យោងតាមរបាយការណ៍របស់គ.ជ.ប បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ភាគីជប៉ុនបានជួយទាំងបច្ចេកទេស និងសម្ភារ ព្រមទាំងអ្នកជំនាញការផ្នែកច្បាប់ សម្រាប់ជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ភារ និងបរិក្ខារទាំងនោះ រួមមាន៖ ស៊ើវើ(Server)សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្តភីកអាប់(Pickup)ចំនួន៤០គ្រឿង សម្រាប់បម្រើឱ្យការ ដឹកជញ្ជូនសម្ភារនិងបរិក្ខារបោះឆ្នោត ហិបឆ្នោតចំនួនជាង១ម៉ឺន និងសម្ភារសម្រាប់ការិយាល័យមួយចំនួនទៀត៕