បុរសម្នាក់ចូលបន្ទប់សមត្ថកិច្ច ទាញកាំភ្លើងបាញ់រះ៧គ្រាប់ នៅស្រុកកោះធំ
បុរសម្នាក់ចូលបន្ទប់សមត្ថកិច្ច ទាញកាំភ្លើងបាញ់រះ៧គ្រាប់ នៅស្រុកកោះធំ
ហេតុការណ៍ នេះ កើតឡើងកាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងប៉ុស្តិ៍សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ច ថ្លែងថា មានករណីរថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាត ។ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ និង បានឃាត់ខ្លួនអ្នកបើករថយន្តមកដោះស្រាយគ្នា ។
ប៉ុន្តែ ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើសបានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចាក់សោរ រួចក៏យកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះឡើយ។
ក្រោយមានហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងនោះ និង ធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើស បានតែម្តង ។
ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញអោយក្រុមហ៊ុន ។ តាមការសួរនាំនិងធ្វើតេស្តទឹកនោម ឃើញថា ជននេះមានការប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្ន នេះ ខ្មាន់កាំភ្លើងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕