ក្រុមហ៊ុនគ្រួសារកក់ក្ដៅព្រមានប្ដឹងអតីតបុគ្គលិករបស់ខ្លួន

ក្រុមហ៊ុនគ្រួសារកក់ក្ដៅព្រមានប្ដឹងអតីតបុគ្គលិករបស់ខ្លួន
(ភ្នំពេញ)៖ ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដោយមានលោកមេធាវី អាំង សុវណ្ណារ៉ា ជាតំណាង កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ បានចេញលិខិតបដិសេធមួយច្បាប់ ដោយព្រមានប្ដឹងអតីតបុគ្គលិករបស់ខ្លួន បន្ទាប់ពីមានការបង្ហោះសាររិះគន់រឿងមិនទាន់បានដោះស្រាយបញ្ហាចប់សព្វគ្រប់ បែរជាចេញលិខិតបញ្ឈប់រូបគេ។

លិខិតបដិសេធ ដែលត្រូវបាន ការិយាល័យមេធាវី ផាវវើរ ឡរ៍ ចុះផ្សាយលើទំព័រ Facebook និងត្រូវបានចែកចាយបន្តដោយទំព័រ Facebook ឈ្មោះ គ្រួសារកក់ក្ដៅ Online Shop នោះ បានបញ្ជាក់ថា រឿងរ៉ាវដែលឈ្មោះ ស៊ីម ស្រីមុំ (អតីតបុគ្គលិក) ជាម្ចាស់គណនី Facebook ឈ្មោះ ពិភព ឡេ និងទំព័រ Facebook ឈ្មោះ ស្រីមុំពិភពឡេ បង្ហោះសារកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនោះ គឺមិនពិតនោះទេ ហើយជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
ដូច្នេះក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើ ឈ្មោះ ស៊ីម ស្រីមុំ មិនព្រមលុបទិន្នន័យទាំងអស់នោះពីលើបណ្ដាញសង្គម Facebook និងសុំទោសក្រុមហ៊ុនជាសាធារណៈ។

ទោះជាយ៉ាងណា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានទទួលស្គាល់ខ្លួនពិតជាកំពុងមានបញ្ហាជាមួយតំណាងចែកចាយចំនួន ១២នាក់ និងកំពុងតែដោះស្រាយបញ្ចប់រឿងប្រាកដមែន។

សូមជម្រាបជូនថា រឿងរ៉ាវដ៏ចម្រូងចម្រាសនេះបានកើតឡើងបន្ទាប់ពី ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានចេញលិខិតជូនដំណឹង ស្ដីពីការលាឈប់របស់អតីតបុគ្គលិកឈ្មោះ ស៊ីម ស្រីមុំ និងឈ្មោះ ហៀង សុខឃីម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១កន្លងទៅ។

គួររម្លឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញក្រសួងសុខាភិបាល ធ្លាប់បានចុះបង្ក្រាបក្រុមហ៊ុន គ្រួសារកក់ក្ដៅដោយរកឃើញសារធាតុឡេគ្មានច្បាប់ត្រឹមត្រូវចំនួនប្រមាណជា ៤,៥តោន នៅចំណុចផ្ទះលេខ១ ផ្លូវQ៦ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕