ប្រធានមន្ទីរសុរិយោដីខេត្តកំពតបានថ្លែងថា កាចាក់ដីលុបអាងទឹកនៅស្រុកដងទង់ ពុំមានច្បាប់អនុញ្ញាតនោះទេ…
(ខេត្តកំពត)៖លោក ដាញ់ ដារី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត កំពត បាន ថ្លែងថា ករណីលុបអាងទឹកដងទង់ យ៉ាងគគ្រឹកគគ្រេង នៅ ក្បែរសាលាស្រុកដងទង់ កាលពីពេលថ្មីៗនោះ គឺពុំមានច្បាប់អនុញ្ញាត ទេ។
នេះបើតាម លោក ប្រធានមន្ទីររៀបចំដែនដីខេត្តកំពតថា ដីអាងទឹកដងទង់នោះ គឺ ជាដីដែលគ្មានឈ្មោះ ព្រោះពេលមន្រ្តីសុរិយោដីចុះ ទៅធ្វើប្លង់គឺពុំមាន ប្រជាពលរដ្ឋណាម្នាក់ មកអះអាង ឬ បង្ហាញលិខិត សំគាល់អ្វីថាជាដីរបស់ខ្លួននោះទេ ដូច្នេះដីនោះ គឺពុំត្រូវបានប្រគល់ឲ្យអ្នកណាម្នាក់ឡើយ។
តាម ការលើក ឡើង របស់ លោកប្រធានមន្ទីរ រៀបចំដែនដី ខខេត្តកំពតបាន បញ្ជាក់យ៉ាងច្បាស់ថា ដីបឹងឬអាងទឹកដងទង់ គឺពុំ បាន បែងចែក ឬ ប្រគល់ ទៅ ឲ្យ អ្នក ណាម្នាក់ទេ តើហេតុអ្វី បានជា ក្រុមហ៊ុន របស់លោកស្រី ប៊ូ ចាន់ធឿន ហ៊ាន ចាក់ដីលុបបឹងឬអាងទឹកដងទង់ដែលជាសម្បត្តិរបស់រដ្ឋនោះដើម្បីសង់ផ្ទះល្វែងបានទៅវិញ?
យ៉ាងណាក៏ដោយ បើ តាម ការ លើក ឡើង របស់ប្រភពខ្លះថា រឿងអីដែលក្រុមហ៊ុន របស់ លោកស្រី ប៊ូ ចាន់ធឿន មិន ហ៊ាន ចាក់ដីលុបបឹងឬអាងទឹកជាង ១០ហិចតាបាននោះ បើគាត់គឺជាកូនស្រីរបស់ចៅហ្វាយស្រុកដងទង់ទៅហើយ។
គួរបញ្ជាក់ថា អាងទឹកដងទង់ទំហំប្រមាណជាង១០ហិចតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់ លោកស្រី ប៊ូ ចាន់ធឿន ចាក់ដីលុបកាលពីពេលថ្មីៗមកទល់ពេលនេះក៏កំពុងតែចាក់លុប ដើម្បីរៀបចំគម្រោងធ្វើ ផ្ទះល្វែង លក់ ដែលគេដឹងថាជាក្រុមហ៊ុន(បុរីធម្មជាតិដងទង់)។
អាងទឹកដងទង់នេះដែរ គឺជា អាងស្តុកទឹក ដែល ប្រជាពលរដ្ឋ ប្រើប្រាស់ជាយូរណាស់មក ហើយ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ស្របពេលដែល មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុង សហគមន៍ ដែល គ្រប់គ្នា មិន ហ៊ានដើរហើរទៅណានោះ ស្រាប់ តែមានគ្រឿងចក្រ រាប់សិបគ្រឿង ដែល គេ ដឹងថា គឺជា របស់ក្រុមហ៊ុនរបស់លោកស្រី ប៊ូ ចាន់ធឿន បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយ គេ មិន ឃើញ អាជ្ញាធរ ចាត់វិធានការអ្វីឡើយ។
ចំណែកលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតវិញបានថ្លែងប្រាប់អង្គភាពសារព័ត៌មានឲ្យដឹងថាលោកបានទទួលព័ត៌មាននេះដែរហើយលោកក៏បានប្រាប់ទៅមន្ទីរដែលពាក់ព័ន្ធឱ្យចុះផ្អាកជាបន្ទាន់។
តែមកដល់ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021 នេះប្រជាពលរដ្ឋរង់ចាំចំណាត់ការរបស់លោកអភិបាលខេត្តកំពត ឱ្យចុះមកផ្អាកនោះមិនទាន់ឃើញមានមន្ត្រីជំនាញណាដែលពាក់ព័ន្ធចុះមកអនុវត្តនោះទេឃើញតែគ្រឿងចក្រសម្រុកដឹកដីចាក់លុបដ៏ដែល៕