ត្រូវបានគេសង្ស័យថាអ្នកធំជាអ្នកនៅពីក្រោយការរំលោភដីព្រៃសហគមន៍ភ្នំពោន ខេត្តកែប
ត្រូវបានគេសង្ស័យថាអ្នកធំជាអ្នកនៅពីក្រោយការរំលោភដីព្រៃសហគមន៍ភ្នំពោន ខេត្តកែប
ខេត្តកែប៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កំលាំងចម្រុះនៃស្នងការនគរបាលខេត្តកែប សហការជាមួយកំលាំងជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើ
បានចុះទៅបង្ក្រាប ឃាត់ខ្លួនជាក់ស្ដែងមុខសញ្ញាសង្ស័យចំនួន១៨នាក់ នៅកន្លែងកើតហេតុដែលកំពុងលួចកាប់ឆ្ការទន្រ្ទានដីព្រៃភ្នំពោនដែលជាដីព្រៃសហគមន៍
ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប វត្ថុតាងមួយចំនួនត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅស្នងការដ្ឋាន
នគរបាលខេត្តកែប។ ករណីខាងលើតាមការសម្របសម្រួលពីព្រះរាជអាជ្ញាអោយធ្វើកិច្ចសន្យា និងដោះលែងកម្មករទាំង១៦នាក់ អោយត្រឡប់ទៅផ្ទះវិញ
ដោយឡែកមេការ២នាក់ត្រូវបានបញ្ជូនទៅអោយជំនាញផ្នែកខ័ណ្ឌរដ្ឋបាលព្រៃខេត្តឃាត់ខ្លួនបំពេញសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តកំពតចាត់ការបន្តតាមនីតិវិធី។
ការឈានទៅដល់ការចុះបង្រ្កាប់ដោយក្របួចបានទាំងក្រុមបែបនេះ ក្រោយពីរដ្ឋបាលខេត្តព្រៃឈើ បានចេញលិខិតម្តងជាពីរដងរួចហើយ តែក្រុមនេះនៅតែផ្គើន
ដោយមិនមានការខ្លាចរអារច្បាប់សូម្បីបន្តិច នៅថ្ងៃកើតហេតុ ក្រុមទាំងនេះសម្រុកឡើងភ្នំកាប់ព្រៃកាន់តែខ្លាំងឡើង ទើបកម្លាំងជំនាញរបស់ស្នងការនគរបាលខេត្តកែប
និងខ័ណ្ឌរដ្ឋបាលព្រៃឈើ ព័ទ្ធចាប់បានទាំងហ្វូងតែម្តង។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ប្រាប់ថា យោងតាមចម្លើយសារភាពរបស់ក្រុមអ្នកស៊ីឈ្នូលកាប់ព្រៃទាំងនេះ បានឆ្លើយថា
អ្នកដែលជួលពួកគេ គឺមេការ និងលោក សៅ សារឿន ដោយឡែកមេការដែលឃាត់ខ្លួនបានទាំង២នេះ បានសារភាពថា ពួកគេបានធ្វើការអោយលោក
សៅ សារឿន តាំងពីឆ្នាំ២០១៥ ដើម្បីគៀងគររកកម្មករទៅកាប់ទន្រ្ទានដីព្រៃ។ លោកស្នងការបានបន្ថែម ពាក់ព័ន្ធករណីនេះលោកនឹងរៀបចំសំណុំរឿង
បញ្ជូនទៅតុលាការ ដោយយោងតាមចម្លើយសារភាពរបស់សាក្សីទាំង១៨នាក់នេះ ដើម្បីរកមុខថាតើបុគ្គលណាជាមេខ្លោងពីក្រោយខ្នង។
បើតាមសេចក្តីប្រកាសជូនដំណឹងមួយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប ដែលមានចុះកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០បានបញ្ជាក់ថា
ឈ្មោះ លោក សៅ សារឿន បានឈួសឆាយរំលោភបំពាន ចូលដីសហគមន៍ព្រៃឈើភ្នំពោន មានផ្ទៃដីទំហំ ៥៧,០០០ម៉េត្រការ៉េ។
ពាក់ព័ន្ធករណីការរំលោភបំពានដីព្រៃសហគមន៍ភ្នំពោននេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១
បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ អំពីការងារគ្រប់គ្រងដីធ្លីតំបន់ភ្នំពោននេះ។ លោកថា សកម្មភាពក្រុមនេះ ពិតជាប្រហើនមិនខ្លាចអាជ្ញាធរ និងអំណាចច្បាប់សូម្បីបន្តិច
ហើយសកម្មភាពនៃការកាប់ទន្រាប់ដីតំបន់ភ្នំពោននេះ កើតឡើងតាំងពីលោកមិនទាន់ឡើងដំណែងជាអភិបាលខេត្តម្លេះ។
លោកបន្ថែមថា ឆ្លងស្មារតីកិច្ចប្រជុំ លោកឯកភាពក្នុងការធ្វើទៅតាមផ្លូវច្បាប់ ដោយបញ្ជូនសំណុំរឿងទៅតុលាការ។ ពាក់ព័ន្ធនិងតំបន់ភ្នំពោននេះក្រៅពី
លោក សៅ សារឿន ក៏មានបុគ្គលមួយចំនួនទៀត ឆ្លៀតកាប់ឆ្ការព្រៃដើម្បីយកធ្វើជាកម្មសិទ្ធ ដូចនេះនៅចំពោះមុខកម្លាំងជំនាញត្រូវចុះទៅអោយផ្អាកសកម្មភាព
ការកាប់ឆ្ការ ក្នងនោះដែរលោកក៏កំពុងរៀបចំលិខិតបង្គាប់ការ ដើម្បីរៀបចំក្រុមការងារចុះទៅវាស់វែង ហើយជំហ៊ានបន្តទៀតយើងនឹងយកគ្រឿងចក្រ ទៅឈួសធ្វើផ្លូវ
រុក្ខបាលជុំវិញភ្នំនេះ ដើម្បីទុកជាសម្បត្តិសាធារណៈតែម្តង ហើយលោកក៏គ្រោងយកកូនឈើទៅដាំ លើទីតាំងដែលលោក សៅ សារឿន ឈួសឆាយបំពាននោះ នាថ្ងៃ៩រុក្ខទិវាផងដែរ។
តែអ្វីដែលគួរអោយកត់សំគាល់ គេឃើញថា ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់ភ្លាម ស្រាប់តែលេចមុខរបស់លោក សៅ សារឿន ឡើងទៅជួបអភិបាលខេត្ត និងលោកស្នងការ
ដល់សាលាខេត្តកែបតែម្តង។
ប្រជាពលរដ្ឋនិងអ្នកសារពត៌មាន ជឿជាក់លើដំណើរការអនុវត្តន៍ករណីនេះរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកែប។
ហើយក៏រង់ចាំមើលតើតុលាការ នឹងមានចំណាត់ការបែបណាបន្តទៀត ក្រោយពាក្យបណ្តឹងចូលដល់តុលការ ជាមួយលោក សៅ សារឿន ដែលបានឈួសឆាយរំលោភបំពាន
ស្ទើរតែអស់ភ្នំមួយចំហៀងបែបនេះ៕