បុរីធម្មជាតិដងទង់ចាក់ដីលុបអាងទឹកជិតពេញទៅហើយ ទើបចាប់ផ្ដើមរត់ការសុំច្បាប់
បុរីធម្មជាតិដងទង់ចាក់ដីលុបអាងទឹកជិតពេញទៅហើយ ទើបចាប់ផ្ដើមរត់ការសុំច្បាប់
ការចាក់ដីលុបអាងទឹកដើម្បីអភិវឌ្ឍន៍ដី ឬសាងសង់អគារផ្ទះល្វែងរបស់ក្រុមហ៊ុនលោក សេង សម្បត្តិ នៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត មិនទាន់មានច្បាប់អភិវឌ្ឍដីពុះឡូតិ៍ ឬសាងសង់អគារផ្ទះល្វែងនៅឡើយទេ តែគេបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានហើយដែរ ។ នេះបើយោងតាមការឱ្យដឹងពីលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពត។
សកម្មភាពដឹកដីចាក់លុបអាងទឹកខាងលើ ទំនងជាមានការឃប់ឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានតាំងពីភូមិឃុំរហូតដល់ស្រុក នេះបើយោងតាមឯកសារដែលអង្គភាពសារព័ត៌មាន ទទួលបានហើយលិខិតស្នើសុំអនុញ្ញាតចាក់ដីលុបអាងទឹក គឺបានចាប់ផ្ដើមធ្វើក្រោយពេលសារព័ត៌មានផ្សេងៗបានចុះផ្សាយរួច ។ នេះសបញ្ជាក់ថាសកម្មភាពដឹកដីចាក់លុបអាងទឹកដំណើរការទៅបានយ៉ាងរលូនមិនមានការរារាំង ព្រោះអាជ្ញាធរមូលដ្ឋានបិទភ្នែកធ្វើមិនដឹងមិនឮ ខណៈក្រុមហ៊ុននេះមិនទាន់មានច្បាប់អនុញ្ញាតឲ្យចាក់ដីលុបអាងទឹកអភិវឌ្ឍដី និង ច្បាប់សាងសង់យ៉ាងណាក៏ដោយក៏នៅតែគេអាចដំណើរការចាក់ដីលុបបាន ។
ទាក់ទងនឹងអាងទឹកដែលក្រុមហ៊ុនរបស់លោក សេង សម្បត្តិ ចាក់ដីលុបអភិវឌ្ឍដីខាងលើ មានទំហំជាង៤ហិកតានោះ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពត លោក វណ្ណា សង្ងំឈឹងមិនធ្វើការអធិប្បាយអ្វីបន្តិចសោះតាមប្រព័ន្ធតេឡេក្រាម ពេលអ្នកសារពត៌មានសួរថា តើអាងទឹកនោះជាសម្បត្តិសាធារណៈរបស់រដ្ឋឬយ៉ាងណានោះ ។ និងថាតើការចាក់ដីលុបអាងទឹកនោះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់អង្គភាពសារពត័មានថាអាងទឹកនោះមិនមែនជាសម្បត្តិសាធារណៈរបស់រដ្ឋឬក៏ជាសម្បត្តិឯកជនរបស់រដ្ឋនោះទេ ។ អាងទឹកនោះប្រជាពលរដ្ឋគាត់បានអាស្រ័យផលយូរឆ្នាំមកហើយដោយម្នាក់ៗមានក្បាលដីកាន់កាប់ ក៏ប៉ុន្តែពុំទាន់មានទិន្នន័យនៅឡើយទេ ។ ហើយសកម្មភាពដែលបានចាក់ដីលុបអាងទឹកដងទង់ខាងលើដើម្បីអភិវឌ្ឍន៍សាងសង់អាគារផ្ទះល្វែងនោះគឺពុំទាន់មានច្បាប់អនុញ្ញាតនៅឡើយដែរ តែក្រុមហ៊ុនកំពុងតែរត់ច្បាប់សុំធ្វើការសាងសង់ លោក ដាញ់ សារី បានបញ្ជាក់ ។ស្រ្តីម្នាក់សុំមិនបញ្ចេញឈ្មោះ ពលរដ្ឋរស់នៅភូមិសុភី ឃុំស្រែជាខាងជីង ឃុំស្រែជា បានប្រាប់អង្គភាពសារព័ត៌មានយើងថា រូបគាត់បានអាស្រ័យផលនៅទីនោះយូរឆ្នាំហើយពេលដែលគាត់ស្នើសុំច្បាប់ធ្វើរបងអាជ្ញាធរមូលដ្ឋានមិនអើពើឡើយ ប៉ុន្តែសកម្មភាពក្រុមហ៊ុនរបស់លោក សេង សម្បត្តិ ដែលកំពុងតែចាក់ដីលុបអាងទឹកយ៉ាងគគ្រឹកគគ្រេងបែរទៅជាពួកគេបិទភ្នែកធ្វើមិនដឹងមិនឮទៅវិញ
ពាក់ព័ន្ធនឹងរឿងប្រទាក់ក្រឡាគ្នាខាងលើនេះអភិបាលខេត្តកំពត លោក ជាវ តាយ ពុំអាចសុំការអធិប្បាយបញ្ជាក់បានទេតាមប្រព័ន្ធតេឡេក្រាម លោកគ្រាន់តែបានចូលអានសំណួររបស់អ្នកសារព័ត៌មានហើយតែមិនឆ្លើយតបទេ ។គួរបញ្ជាក់ថា ដំណើរការចាក់ដីដើម្បីសាងសង់អាគារផ្ទះល្វែងរបស់ក្រុមហ៊ុនលោក សេង សម្បត្តិ នេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយតាមដាននិងកត់សំគាល់ពីភាពមិនប្រក្រតីដែលអាជ្ញាធរមូលដ្ឋានបើកដៃឲ្យធ្វើតាំងពីក្រោមដល់លើ ។