សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍វាយកូនហ្គោល ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរចូលមកកម្ពុជា ដែលរៀបចំដោយ រដ្ឋបាលខេត្ត សហការជាមួយក្រសួងទេសចរណ៍។ ការរៀបចំព្រឹត្តិការណ៍វាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ នៅលើទឹកដីសៀមរាប-អង្គរនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ដោយសម្តេច អញ្ជើញជាធិបតីបើកការប្រកួតកីឡានេះ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅភូកេត្រាខោនទ្រីក្លឹប(Phokeethra Country Club Angkor Golf Resort) ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ព្រមទាំងវត្តមាន ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ថ្នាក់ដឹកនាំ និងផ្នែកឯកជនពាក់ព័ន្ឋជាមួយវិស័យទេសចរណ៍សរុបប្រមាណជាជាង១២០នាក់បានចូលរួមប្រកួត។
ព្រឹត្តិការណ៍នេះមានរយ:ពេល ២ថ្ងៃ ពីថ្ងៃទី១០ និងទី១១ ខែធ្នូ ឆ្នាំ២០២១ ការប្រកួតបែងចែកជាពីរក្រុមមួយ ក្រុមប្រកួតនៅទីលានភូកេត្រាខោនទ្រីក្លឹប(Phokeethra Country Club Angkor Golf Resort) ស្ថិតក្នុងស្រុកពួក និងមួយក្រុមទៀតប្រកួតនៅទីលានអង្គរហ្គោលស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត មានប្រសាសន៍ថា៖ការរៀបចំព្រឹត្តិការណ៍ កីឡាវាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ នៅលើទឹកដីសៀមរាប-អង្គរ ធ្វើឡើងជាលើកដំបូងក្រោយពីយើងទាំងអស់គ្នា ត្រូវរងនូវផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ធ្វើឱ្យរាំងស្ទះលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ នៅខេត្តសៀមរាបនេះ។ អ្នកទេសចរជាតិ និងអន្តរជាតិមានការថយចុះជាលំដាប់ សេដ្ឋកិច្ច នៃវិស័យនានាក្នុងខេត្តក៏ធ្លាក់ចុះ តែដោយទទួលបានការផ្តល់នូវអានុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងការខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តនេះ បានផ្តល់នូវវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ក្នុងខេត្តបានស្ទើរតែ១០០% បានបង្កឱ្យមានទំនុកចិត្ត និងឈានទៅបើកប្រទេសឡើងវិញ។ ឯកឧត្តមបញ្ជាក់ថា៖ ព្រឹត្តិការណ៍វាយកូនហ្គោលនេះ ជាឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាតំបន់ប្រាសាទជាថ្មីឡើងវិញ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានត្រៀមលក្ខណ: រួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ព្រមទាំងអ្នកវិនិយោគទាំងជិតឆ្ងាយ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏យើងត្រូវតែរៀនរស់តាមបែបគន្លងថ្មីជាមួយកូវីដ-១៩ ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់រាជរដ្ឋាភិបាលក៏ដូចជាសេចក្តីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះផងដែរ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ កីឡាវាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ថាជាសារដ៏មានសារ:សំខាន់មួយ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានដឹងថា ខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងៗទៀតនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាបានបើកដំណើរការឡើងវិញលើគ្រប់វិស័យ ហើយក៏បានត្រៀមលក្ខណ:សម្បត្តិគ្រប់យ៉ាង ក្នុងការ ទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានរាប់ទាំងអ្នកទេសចរទាំងឡាយដែលមានបំណងចូលមកធ្វើជំនួញក្តី ចូលមកបែបទេសចរណ៍ក្តី ដោយសារតែក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបានពង្រឹងការការពារសុវត្ថិភាពក៏ដូចជាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ទទួលបានលទ្ឋផលល្អ តាមរយ:ការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល។ សម្តេចពោជ័យសេនា ទៀ បាញ់ បន្តប្រសាសន៍ថា៖ ការរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឱ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។
សូមជម្រាបថា៖ នៅក្នុងអំឡុងចាប់ពីថ្ងៃទី១០ ខែធ្នូនេះទៅដល់ដំណាច់ឆ្នាំ២០២១ ខេត្តសៀមរាប មានរៀបចំកម្មវិធីព្រឹត្តិការណ៍ជាច្រើន ដូចជា ព្រឹត្តិការណ៍មហោស្រពសិល្ប:អន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាបជាទីក្រុងប្បធម៌អាស៊ាន ពិធីរំឭកគុណអង្គរ ទិវារត់ម៉ារ៉ាតុង កម្មវិធិជិះកង់ និងកម្មវិធីសម្តែងសិល្ប:ផ្សេងៗទៀតផងដែរ៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន