ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២០ប៊ីលានយ៉េន ប្រមាណជា ១៨៥លានដុល្លារអាម៉េរិក ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រកម្មវិធីបន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩។ ការផ្ដល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីឥណទានសម្បទាន ត្រូវបានធ្វើឡើងដោយឱ្យឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង«គាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩» ដំណាក់កាលទី២នៅកម្ពុជា ត្រូវបានចុះហត្ថលេខា ដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនចេញផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០២២បានឱ្យដឹងថា ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩(ជំហានទី២) ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២០ ប៊ីលានយ៉េន ប្រមាណ ១៨៥ លានដុល្លារអាម៉េរិក) ដល់កម្ពុជាដែលកំពុង រងផលប៉ះពាល់ដោយការរីករាលជាលជាសកលនៃវីរុសកូវីដ១៩។ តាមរយៈសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ឥណទាននេះ នឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ រក្សាលំនឹង និងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម និងការពារកិច្ចគាំពារសង្គម។ ឥណទាន នេះ គឺបន្ថែមពីលើឥណទាន សម្បទាន២៥ ប៊ីលានយ៉េន (ប្រមាណ ២២៧ លានដុល្លារអាម៉េរិក) ដែលត្រូវបានផ្តល់កាលពីខែមករាឆ្នាំមុន ក្នុងគោលបំណងប្រហាក់ប្រហែលគ្នា។ តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព យើងរំពឹងថា សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា នឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការ ពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ និងការផ្តល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋម្នាក់ៗ ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល គឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល