ក្រោយមានការផ្សាយព័ត៌មានក្លែងក្លាយបង្ខូចកេរ្តិ៍ឈ្មោះ លោក តេង ប៊ុនថុន ឆ្លើយតបថា…
ក្រោយមានការផ្សាយព័ត៌មានក្លែងក្លាយបង្ខូចកេរ្តិ៍ឈ្មោះ លោក តេង ប៊ុនថុន ឆ្លើយតបថា…
(ភ្នំពេញ)៖ក្រោយមានការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះកិត្តិយសលោក តេង ប៊ុនថុន តាមរយៈPage ក្លែងក្លាយ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំនិងញុះញង់ឲ្យមានការខឹងសម្បារដល់សមត្ថកិច្ចដែលជាអ្នកអនុវត្តន៍ច្បាប់ស្របតាមនីតិវិធី ករណីសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងហាង Mode Store កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ មានម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ។
សូមជម្រាបជូនថា៖ ក្រោយពីមានសារព័ត៌មានក្លែងក្លាយផ្សព្វផ្សាយក្នុងPage«Home Today និង Page Rorneat »ជាPageក្លែងក្លាយដែលបានផ្សាយព័ត៌មានក្លែងក្លាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ លោក តេង ប៊ុនថុន បានឆ្លើយតបថា៖
«អរគុណ! ដែលប្អូនបង្ហោះរូបបងអោយបងបានល្បី !
ការបង្ហោះរបស់ប្អូនគ្រាន់តែមានចរិតខឹងសម្បារ ការជេរប្រមាថ និង ញុះញង់ ដើម្បីអោយមហាជនមានការយល់ច្រឡំតែប៉ុណ្ណោះ ។ ប៉ុន្តែការពិតនៅតែជាកាពិតដដែលទេប្អូន !
🙏នាក់ដឹកនាំលោកមិនត្រចៀកសដូចដែលប្អូនគិតទេ 🙏។
👉ការអនុវត្តច្បាប់គឺបែបនេះហើយ…តែងតែមានការប៉ះពាល់ ឈឺចាប់បន្តិចហើយ ក្រែងបានរាងចាលខ្លះ និង កុំធ្វើខុសទៀត ។
ការផ្សាយរបស់ប្អូន មានចរិកជេរប្រមាថមកលើបង 😓 បងមិនខឹងច្រឡោតតាមដែរប្អូនចង់បានទេ (តែអនុវត្តច្បាប់កុំអោយអនាធិបតេយ្យពេក)។
បងសូមប្រាប់ទៅប្អូន ថា ការញុះញង់របស់ប្អូននិងបក្ខពួកគ្រាន់តែ ៖
១-ចង់ទប់ស្កាត់សមត្ថកិច្ចកុំអោយបន្តចុះបង្ក្រាបបក្ខពួកប្អូនព្រោះប្អូនកំពុង រកស៊ីរបរខុសច្បាប់ និង កាងអោយក្រុមហ៊ុនលក់ផលិតផលខុសច្បាប់មួយចំនួនធំទៀត។
២-ការញុះញង់ និង បំភាន់អោយថ្នាក់ដឹកនាំមានការយល់ច្រឡំថាប្អូន និង បក្ខពួកប្អូន ល្អ មិនមែនជាជនល្មើស ទាំងដែលខ្លួនកំពុងជាប់ការសង្ស័យ ថា បានប្រព្រឹត្តបទល្មើសនៅឡើយ
(សំណុំរឿងបញ្ជួនទៅតុលាការតាមនីតិវិធី)
បងសូមផ្តាំប្អូន និង បក្ខពួកប្អូនថា «បើប្អូន និង បក្ខពួកប្អូនមិនបានធ្វើខុសទេ ម្តេចក៏ភ័យខ្លាចម្ល៉េះ សូម្បីតែស្រមោលខ្លួនឯងដោយខំប្រឹងជួលអ្នកសារព័ត៌មានផ្សាយថាខ្លួនល្អ>>
អរគុណ ប្អូន!»
ទោះបីយ៉ាងណាសកម្មភាពក្រុមជនខិលខូច និងបក្ខពួកមានចេតនាអាក្រក់តែងតែព្យាយាមបង្កើតPage ក្លែងក្លាយចុះផ្សាយព័ត៌មានក្លែងក្លាយបង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះលោក តេង ប៊ុនថុន ជាពិសេសប៉ះពាល់ដល់ស្ថាប័នសមត្ថកិច្ចយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យសាធារណៈជនមានការភ័ន្តច្រឡំជាដើម ក្នុងសំណុំរឿងផលិតផលក្លែងក្លាយ(ហាង Mode Store )នេះសមត្ថកិច្ចបានបញ្ចូនទៅកាន់តុលាការរួចទៅហើយបច្ចុប្បន្ននេះកំពុងបន្តនីតិវិធីនៅតុលាការនៅឡើយ មហាជនសង្ឃឹមថា តុលាការនឹងឣនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះសំណុំរឿងលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Storeមួយនេះ។
គួររំលឹកផងដែរថា៖កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នំា២០២១កន្លងទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃចុះបង្រ្កាបហាង Mode Store ដែលមានទីតាំងស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យលួចនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនមិនមានប្រភពនិងច្បាប់ត្រឹមត្រូវ តាមរយៈបណ្ដឹងរបស់ប្រជាពលរដ្ឋ ។ក្នុងពេលប្រតិបត្តិការនោះ លោកស្រី ខេង ពិទូពុធធីតា បានឆ្លើយប្រាប់ចំពោះមុខសមត្ថកិច្ចថាផលិតផលដែលខ្លួនដាក់លក់ក្នុងហាងទាំងមូលលោកស្រីបានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលបានតែ២មុខប៉ុណ្ណោះគឺផលិតផលម៉ាក Mosbeau និងផលិតផលម៉ាក Loreal ដោយឡែកផលិតផលក្រៅពីនោះគឺលោកស្រីមិនមានសុំច្បាប់អនុញ្ញាតទេ។
បើយោងតាមរបាយការណ៍សំយោងលេខៈ៣២/២១របក របស់សមត្ថកិច្ច បានរកឃើញហាង Mode Store ដែលមានលោកស្រី ខេង ពិទូពុធធីតា និងឈ្មោះ ហ្សារ៉ន អ៊ុលវី ជាប់ពាក់ព័ន្ធករណីនាំចូល រក្សាទុក លក់ទំនិញដែលមានម៉ាកក្លែងបន្លំនិងផលិតផលផ្សេងទៀតក្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ណធានា និងមិនសុច្ចរិតនឹងទំនិញ ដោយសមត្ថកិច្ចបានចាត់ទុកអំពើដូចជា៖
-ក្លែងបន្លំពាណិជ្ជសញ្ញា ឬពាណិជ្ជនាម
-នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយមានចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំឬមានចេតនាផ្ដល់សេវា
-អំពើមិនសុច្ចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់
-អំពើដែលទាក់ទងនឹងការអនុវត្តមិនសុច្ចរិតនឹងទំនិញ
-ការក្លែងបន្លំ ឬការប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយឬវិធីណាមួយក៏ដោយលើផលិតផលទំនិញនិងសេវាចំពោះ អត្តសញ្ញាណ, ប្រភព, ប្រភេទ, គុណភាពខាងរូបធាតុ ឬខាងទ្រង់ទ្រាយរាងកាយ ធាតុផ្សំបរិមាណជាដើម ដោយសមត្ថកិច្ចធ្វើការចោទប្រកាន់តាមមាត្រា ៦៤. ៦៦.៦៧ ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួដប្រជែងមិនស្មោះត្រង់, មាត្រា ៤១.៤៤ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, មាត្រា៦៣ ច្បាប់ស្តីពីការព្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល និងសេវា,មាត្រា ៥៣២ .៥៣៣ ក្រមព្រហ្មទណ្ឌ៕