ក្រសួងសុខាភិបាលកម្ពុជា នឹងធ្វើការរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វាទុកជាមុន

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងធ្វើការរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វាទុកជាមុន ស្របពេលអង្គការសុខភាពពិភពលោកបានទទួលរបាយការណ៍អ្នកឆ្លងជំងឺអុតស្វាមាន ១៥៨នាក់ និងអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ប៉ុន្តែពុំទាន់មាននរណាម្នាក់បាត់បង់ជីវិតដោយសារជំងឺនៅឡើយទេ។

នេះបើតាមសេចក្តីណែនាំស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។

ទន្ទឹមនឹងនេះក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃដែលអាចកើតមានឡើងជាយថាហេតុ ដែលមានអាការៈដូចជា៖

ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨.៥អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងដងខ្លួន ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឲ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ចូនទៅកាន់មន្ទីពេទ្យដែលនៅជិតៗមូលដ្ឋាន៕