ជនជាប់ចោទ វិល្លាម គ័ង ឆ្លើយសារភាពបែបនេះ ក្រោយទទួលរងការចោទប្រកាន់ ៤បទល្មើស
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ បានធ្វើការបើកសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ដែលជាអតីតប្រធានគណបក្សខ្មែរក្រោក និងបក្សពួកក្នុងសំណុំរឿងប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ។
នៅក្នុងអង្គសវនាការ ជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ដែលជាមេក្លោង ក្នុងករណីប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញដ៏ល្បី គឺ ឧកញ៉ា អ៊ាន សៀវម៉ី បានឆ្លើយសារភាពថា លោកពិតជាបានប្លន់នៅផ្ទះឧកញ៉ា អ៊ាន សៀវម៉ីពិតប្រាកដមែន ហើយលោកបានរៀបគម្រោងមួយថ្ងៃប៉ុណ្ណោះ ហើយចំពោះមូលហេតុលោកបានឆ្លើយថា “ខ្ញុំសុំមិននិយាយ ព្រោះវាជាសិទ្ធិរបស់ខ្ញុំ”។
នៅក្នុងករណីនេះ មានជនជាប់ចោទ ៧នាក់ ១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរជាអតីតប្រធានគណៈបក្សខ្មែរក្រោក ២. ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ ៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ ឆ្នាំ ៦.ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រី អាយុ២៨ ឆ្នាំ ៧.ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ ឆ្នាំ ។
ជាប់ចោទទាំង៧នាក់ ត្រូវបានជាប់ចោទចំនួន ៤បទល្មើសជាអាទិ៍ បទ លួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទក្លែងឯកសារសាធារណៈ និងបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថាកាល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មេក្លោងសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង បានដឹកនាំបក្សពួកចំនួន ៦នាក់ដើម្បីចូលទៅប្លន់នៅផ្ទះ អ្នកលក់ឡេតាមអនឡាញដ៏ល្បី គឺ ឧកញ៉ា អ៊ាន សៀវម៉ី ដែលមានទីតាំងនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយធ្វើការក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន បន្ទាប់មកក៏ធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ បានសម្រេច ដោយប្រមូលបានគ្រឿងពេជ្រមួយចំនួនផងដែរ៕