«តម្លៃសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ»

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២

ក្នុងពេលស្រុកមានសង្គ្រាម គ្រាប់កាំភ្លើង (Bullets) គឺជាអាវុធដ៏សំខាន់របស់ប្រជាពលរដ្ឋសម្រាប់ការពារខ្លួនពីការយាយីរបស់ខ្មាំងសត្រូវ និងដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋភាគច្រើនហាក់មានចិត្តស្រឡាញ់កាំភ្លើង ឬអាវុធយុទ្ធភណ្ឌផ្សេងៗទៀតដោយមិនដឹងខ្លួន។ ប៉ុន្តែ នៅពេលស្រុកមានសន្តិភាព និងប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋបានយកសន្លឹកឆ្នោត (Ballots) ជាអាវុធ ដើម្បីការពារផលប្រយោជន៍និងភាពសុខសាន្តរបស់ខ្លួន។ ថ្វីបើប្រជាពលរដ្ឋ ដែលមានសិទ្ធិនយោបាយគ្រប់គ្រាន់ សុទ្ធតែមានសិទ្ធប្រើប្រាស់សន្លឹកឆ្នោតរបស់ខ្លួនបានមែន ប៉ុន្តែពួកគេមិនមែនសុទ្ធតែអាចប្រើប្រាស់វាពេលណាក៏បានដូចគ្រាប់កាំភ្លើងនោះទេ គឺពួកគេមានសិទ្ធិប្រើប្រាស់វាតាមពេលវេលា ដែលមានកំណត់ដោយច្បាប់។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នេះ ជាពេលវេលាដែលច្បាប់អនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួននៅមូលដ្ឋានថ្នាក់ឃុំ សង្កាត់។ តើសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យមានតម្លៃបែបណា?

ដូចបានបញ្ជាក់ខាងលើហើយ អាវុធដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ គឺសន្លឹកឆ្នោត។ សន្លឹកឆ្នោតមួយសន្លឹកៗរបស់ប្រជាពលរដ្ឋ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតផ្ទាល់នោះទេ ប៉ុន្តែវាមានសារៈសំខាន់សម្រាប់ភាពសុខសាន្ត និងវឌ្ឍនភាពនៃសង្គមជាតិទាំងមូល។ សន្លឹកឆ្នោតមួយសន្លឹក អាចធ្វើឱ្យជាតិលិចលង់ និងកើតកល្ប៍យុគ ឬអាចធ្វើឱ្យជាតិមានសុខសន្តិភាព និងសម្បូរណ៍សប្បាយ។ សន្លឹកឆ្នោតមួយសន្លឹកៗរបស់ប្រជាពលរដ្ឋ គឺជាខ្សែតីវាយវ័ធទៅលើមន្ត្រីខិលខូច ពុករលួយ បក្សពួកនិយម ដែលដើរឆ្ងាយពីសភាពការណ៍ជាក់ស្តែង និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ សន្លឹកឆ្នោតមួយសន្លឹកៗរបស់ប្រជាពលរដ្ឋ ក៏ជាអាវុធដ៏ស័ក្តិសិទ្ធសម្រាប់ប្រដៅក្បាលអ្នកនយោបាយ ដែលពូកែភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ និងធ្វើឱ្យចលាចលក្នុងសង្គមផងដែរ។ ប្រជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ គឺជាប្រជាពលរដ្ឋ ដែលចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ មិនគួរដោយសារតែការជាប់រវល់បន្តិចបន្តួច ផលប្រយោជន៍បន្តិចបន្តួច ឬលង់នឹងការសន្យាណាមួយ បានធ្វើឱ្យខកខាន ឬប្រើប្រាស់សិទ្ធិរបស់ខ្លួនមិនបានត្រឹមត្រូវនោះទេ។

ក្នុងន័យនេះ ខ្ញុំសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត និងដែលបានចុះឈ្មោះបោះឆ្នោត នឹងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នានៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាក់ជាមិនខាន ដើម្បីជ្រើសរើសអ្នកតំណាងនៅឃុំ សង្កាត់របស់យើង។

ប្រជាពលរដ្ឋត្រូវតែចេញទៅបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនប្រដៅក្បាលអ្នកនយោបាយ, សន្លឹកឆ្នោតរបស់យើង គឺដើម្បីអនាគតកូនចៅយើង ភាពសុខសាន្ត និងវឌ្ឍនភាពជាតិយើង, បើយើងមិនបានប្រើប្រាស់សិទ្ធិរបស់យើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នេះទេ យើងត្រូវរង់ចាំប្រាំឆ្នាំទៀត! យូរពេកហើយ! សូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នា!!! ដោយ គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រួលផ្សាយដោយ៖ ធូ កុសល