ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា តើអ្វីជា «សេរីភាពនៃការបញ្ចេញមតិ» ដើម្បីឱ្យសាធារណជនបានយល់កាន់តែច្បាស់ពីសេរីភាពនៃការបញ្ចេញមតិ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា តើអ្វីជា «សេរីភាពនៃការបញ្ចេញមតិ» ដើម្បីឱ្យសាធារណជនបានយល់កាន់តែច្បាស់ពីសេរីភាពនៃការបញ្ចេញមតិ។ ការគូសរំលេចរបស់ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ។ យោងតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរថា “ដូចបាននិយាយពីមុនអ៊ីចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួក គាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៊ី ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មក ? កម្ពុជា ប្រឆាំងការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថា តើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង «សេរីភាពនៃការបញ្ចេញមតិ» នេះ ឬ យ៉ាងណា ? ” គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លង ទៅនេះ កញ្ញា សេង ធារី ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះកើតមាន ឡើងបន្ទាប់តុលាការបានរកឃើញថា កញ្ញា សេង ធារី ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» រៀបចំដោយទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់។ ក្រោយសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញមិនបានប៉ុន្មានម៉ោងផង គេឃើញស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហាញការប្រតិកម្មមុនគេ បន្ទាប់មកបណ្តាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សមួយ ចំនួន ក៏បានចេញមកប្រតិកម្មជាបន្តបន្ទាប់ផងដែរ៕