សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(០៣ កក្កដា ១៩៥១- ០៣ កក្កដា ២០២២)។

នៅលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។ អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ អង្គការនេះ ធ្វើបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយា ល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ ការិយាល័យយូណេស្កូនៅកម្ពុជា ធ្វើការងារ នៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា បន្ទាប់ពីតំបន់អង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៣។ ការបង្កើត ICC-Angkor គឺកើតចេញពីលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីទទួលស្គាល់តំបន់អង្គរទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ជាមួយគ្នានេះ ប្រាសាទរបស់កម្ពុជាចំនួន៣ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈមហាសន្និបាទអង្គការ យូណេស្កូនេះ រួមមាន៖ ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ២០១៧។

ចំណែកសម្បត្តិវប្បធម៌អរូបិយរបស់កម្ពុជាចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូផងដែរ រួមមាន៖ ល្ខោន ខោល ដាក់បញ្ចូលនៅឆ្នាំ២០១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ និងល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៨។ ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានស្នើឲ្យយូណេស្កូ ពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបីផងដែរ៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល