អាជ្ញាធរខណ្ឌទួលគោក ព្រមានចាត់វិធានការលើក្រុមអាជីកររំលោភផ្លូវសាធារណៈតាមបណ្តោយផ្លូវលេខ១៩២

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក ព្រមានចាត់វិធានការលើក្រុមអាជីវករដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈសម្រាប់ថ្មើជើង មកបម្រើអាជីវកម្មរបស់ខ្លួន ពិសេសក្រុមអាជីវករលក់ដូរម៉ូតូ និងទទួលបញ្ចាំ តាមបណ្ដោយផ្លូវលេខ១៩២។

បន្ទាប់ពីមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខណ្ឌទួលគោកបានចុះទៅធ្វើការណែនាំដល់ក្រុមអាជីវករលក់ដូរម៉ូតូ និងទទួលបញ្ចាំឲ្យយកម៉ូតូដាក់តាំងក្នុងផ្ទះវិញ បើពុំដូចនេះទេនិងចាត់វិធានការលើកយកម៉ូតូតែម្ដង។

ទីតាំងដែលអាជីវករំលោភយកផ្លូវសាធារណៈនេះ ស្ថិតនៅកំណាត់ផ្លូវលេខ១៩២ ចាប់ពី ផ្លូវលេខ ២៥៣ ដល់ផ្លូវលេខ២៥៧ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានសាទរទៅនឹងចំណាត់ការអប់រំណែនាំលើក្រុមអាជីវករដែលរំលោភលើផ្លូវសាធារណៈទាំងនេះ ហើយសង្ឃឹមថាវិធានការនេះ នឹងមានប្រសិទ្ធភាព ឬបើអាចគួរមានវិធានការក្តៅ ក្នុងករណីក្រុមអាជីវករដែលរឹងទទឹងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ហើយបន្តប្រើប្រាស់ផ្លូវសាធារណៈបន្តទៀត ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌភាពទីក្រុង និងបង្កការស្ទះចរាចរណ៍ជាដើម៕