ប្រមុខការពារជាតិ កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ ឱ្យមានការរីកចម្រើន ថែមមួយកម្រិតទៀត

ភ្នំពេញ​៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក Lee Jong Sup រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណៈកូរ៉េ បានធ្វើការ ប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិលើ គ្រប់វិស័យឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ។

យោងតាមហ្វេសប៊ុក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹងថា នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរ កម្ពុជា-កូរ៉េ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានលទ្ធផលជាផ្លែផ្កា និងបានប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិលើ គ្រប់វិស័យឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស ការជួយគាំទ្រឧបត្ថម្ភលើវិស័យរក្សាសន្តិភាព។

នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការជួយឧបត្ថម្ភឧបករណ៍ សម្ភារៈ សម្រាប់បម្រើឱ្យវិស័យរក្សាសន្តិភាព។

នៅក្នុងឱកាសនេះ ភាគីកូរ៉េក៏បានផ្តល់ជំនួយឧបត្ថម្ភ ជាមធ្យោបាយមួយចំនួន សម្រាប់បម្រើឱ្យការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់មជ្ឈមណ្ឌលជាតិផងដែរ៕