សម្តេចតេជោ ហ៊ុន សែន សម្រេចមិនប្តឹងលោក គង់ គាំ ក្រោយទទួលបានដីមកវិញ
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនប្តឹងលោក គង់ គាំ ទៀតនោះឡើយ បន្ទាប់ពីលោកយល់ព្រមប្រគល់ដីជាកម្មសិទ្ធិរបស់ក្រសួងការបរទេសត្រឡប់មកវិញ។
សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកទាំងយប់យ៉ាងដូច្នេះ «ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និង គ្រួសាររយៈពេល៣ម៉ោងកន្លះ»។
សម្តេចតេជោបន្តថា «កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ»។
សូមបញ្ជាក់ថា នៅមុនសម្តេចតេជោបង្ហោះប៉ុន្មាននាទី លោក គង់ គាំ បានជូនព័ត៌មានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមប្រគល់ដី និងផ្ទះខ្លួនកំពុងស្នាក់នៅ ជូនទៅក្រសួងការបរទេសវិញ។
លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។
ក្នុងលិខិតនេះ លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។
សូមបញ្ជាក់ថា ដីដែលលោក គង់ គាំ កំពុងរស់នៅ ហើយប្រកាសប្រគល់ឱ្យរដ្ឋវិញនៅពេលនេះ គឺជាដីកម្មសិទ្ធិក្រសួងការបរទេស ហើយត្រូវបានលោកចូលមករស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស៕