ប្រធានមន្ទីរអប់រំ ចេញមុខបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន, អាណាព្យាបាល ឯកភាពឱ្យឈូស
(បាត់ដំបង)៖ ផ្ទុះការចែកចាយ និងប្រតិកម្មព្រោងព្រាតតាមបណ្តាញសង្គម Facebook ទាក់ទិនលោកគ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង ឈូសសក់សិស្សនៅក្នុងថ្នាក់ទំនងជាខុសនឹងវិន័យសាលា។
ពាក់ព័ន្ធករណីនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ថា លោកបានទទួលព័ត៌មាននេះហើយ និងបានបញ្ជាឱ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយនាយកសាលាចុះទៅពិនិត្យលើករណីនេះ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ដើម្បីបន្តនីតិវិធីបន្តទៀត។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យ របស់សាលាតែប៉ុណ្ណោះ លោកនាយក គណៈកម្មការគ្រប់គ្រងសាលា និងអាណាព្យាបាលបានឯកភាពគ្នាថា កូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬហៅថាសក់ PM»។
«កូនសិស្សប្រុសដែលក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលាកោរសក់ ដើម្បីឱ្យកូនសិស្សទាំងនេះទៅកាត់សក់ខ្លី ប៉ុន្តែ បែរជាយករូបភាពនេះទៅបង្ហោះលើបណ្តាញសង្គមរហូតមានការបកស្រាយផ្សេងៗគ្នា ប៉ុន្តែ នេះជាកាតអនុវត្តក្រុមប្រឹក្សាវិន័យរបស់សាលាទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យី សុងគី។
លោកបន្ថែមថា ចំពោះការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យរបស់វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺមិនមានការប្រតិបត្តិកម្មណាមួយពីឪពុក ម្តាយ និងអាណាព្យាបាលរបស់សិស្សនោះទេ ព្រោះសាលាកំណត់ឱ្យកូនសិស្សប្រុសទាំងអស់ ត្រូវតែមានសក់ខ្លី ហើយចំពោះករណីនេះ គឺអាណព្យាបាលរបស់សិស្សបានឯកភាពគ្នាតាំងពីដើមឆ្នាំមកម្ល៉េះ។
លោកបានថ្លែងថា ការតម្រូវឱ្យកូនសិស្សប្រុសទាំងអស់ កូនសិស្សប្រុសកាត់សក់ខ្លី ដើម្បីឱ្យកូនសិស្សមានសក់ខ្លីស្អាត សាកសមនឹងកូនសិស្សល្អ គោរពតាមវិន័យរបស់សាលារៀនដែលបានកំណត់ប៉ុណ្ណោះ។ ចំពោះកូនសិស្សប្រុសដែលមិនព្រមអនុវត្តតាមវិន័យសាលារហូតក្រុមបប្រឹក្សាវិន័យកាត់សក់នេះ គឺមានចំនួន២៣នាក់។
បើតាមលោកប្រធានមន្ទីរអប់រំខេត្ត ការអនុវត្តស្តង់ដារសក់នេះ មានមែននៅតែវិទ្យាល័យសំពៅលូននោះទេ តែក៏អនុវត្តន៍នៅសាលាដទៃទៀតដែរ។ សម្រាប់ការអនុវត្តវិន័យសក់ខ្លីនេះ គឺបានអនុវត្តជោគជ័យនៅវិទ្យាល័យកំរៀងផងដែរ។
សូមជម្រាបថា ករណីក្រុមប្រឹក្សាវិន័យនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ចាប់កាត់សក់កូនសិស្សប្រុសៗដែលមិនគោរពវិន័យសាលានេះ បានកើតឡើងនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ហើយរូបភាពកាត់សក់នេះ ត្រូវបានកូនសិស្សយកទៅបង្ហោះលើបណ្តាញសង្គម Facebook រហូតធ្វើមានមហាជនលេងបណ្តាញសង្គមមួយនេះ នាំគ្នារិះគន់ និងមានការបកស្រាយផ្សេងគ្នាដែលនាំឱ្យមានការយល់ច្រឡំចំពោះលោកគ្រូរបស់សាលាជាដើម៕