បង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតប៉័ងតោ) នៅសង្កាត់៤ ក្រុងព្រះសីហនុ
បង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតប៉័ងតោ) នៅសង្កាត់៤ ក្រុងព្រះសីហនុ
ស្រុកព្រៃនប់ ៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣និង ៤០នាទី នៅចំណុច ម្តុំតោពីរ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ០១ក្រុម ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ បណ្តាលអោយជនរងគ្រោះ០១នាក់ របួសត្រង់ពោះ(ធ្លាយពោះវៀន) និង០១នាក់ទៀតរបួសត្រង់ដើមទ្រូង រួចក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុកព្រៃនប់ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឧកញ៉ាហេងបានធ្វើការ ចុះត្រួតពិនិត្យឆែកឆេរម៉ូតូដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ នៅចំណុចជញ្ជីងថ្លឹងរថយន្តអូរចំណារលើដងផ្លូវជាតិលេខ៤ លុះវេលាម៉ោង០១រំលងអាធ្រាតក៍ស្ទាក់ឃាត់ម៉ូតូចំនួន០១គ្រឿង មានគ្នា០២នាក់ ដែល មានភិនភាគដូចការសង្ស័យ យកមកសាកសួរបឋម ពួកគេក៏បានសារភាពថាមានគ្នា០៤នាក់ ហើយពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន មូលហេតុជនរងគ្រោះបានយកដុំថ្មគប់ត្រូវពួកគេមុនទើបពួកគេខឹងយកកាំបិតកាប់ជនរងគ្រោះវិញតែម្តង។ ជនសង្ស័យទាំង២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះសាង សុខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
២-ឈ្មោះ ងិក សុនី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយមកកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យបាន២នាក់បន្ថែមទៀត ដែលមានឈ្មោះ៖
១-ឈ្មោះ រ៉ា ចាន់សុផាន់ណារ៉េត ហៅ ញ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។(ជាជនដៃដល់)
២-ឈ្មោះ សាត រតនា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។(ជាជនដៃដល់)
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកំពុងបន្តនិតិវិធី។