ភ្នំពេញ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ពុយ គា បានធ្វើការអំពាវនាវកុំឱ្យមានការរឹតត្បិតដល់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មាន ដើម្បីបង្ហាញពីប្រទេសកម្ពុជា ដែលគោរពលិទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីសេរីភាពសារព័ត៌មាន។

ភ្នំពេញ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ពុយ គា បានធ្វើការអំពាវនាវកុំឱ្យមានការរឹតត្បិតដល់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មាន ដើម្បីបង្ហាញពីប្រទេសកម្ពុជា ដែលគោរពលិទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីសេរីភាពសារព័ត៌មាន។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន “ភ្នំពេញដេលី” Sapormean Phnom Penh Daily នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ តាមប្រព័ន្ធតេឡេក្រាម បន្ទាប់ពីទទួលបានព័ត៌មានថា មានលោកចៅហ្វាយខេត្តមួយរូប (មិនបានបញ្ជាក់ឈ្មោះ និងខេត្ត) បានបញ្ជាដល់មន្ទីរព័ត៌មានឱ្យមានការត្រួតពិនិត្យទៅលើអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មានក្នុងខេត្តរបស់ខ្លួន គឺត្រូវតែសុំការអនុញ្ញាតជាមុនសិន។

 

ចំពោះករណីនេះ ក៏ត្រូវបានអ្នកសារព័ត៌មានមួយចំនួនចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការចុះយកព័ត៌មាន ថែមទាំងមានគំនិតអវិជ្ជមានដើរបញ្ច្រាសទិស ខណៈរាជរដ្ឋាភិបាលចាត់ទុកថា អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានល្អជាមួយអ្នកសារព័ត៌មាន ពិសេសសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងត្រូវបានលើកកម្ពស់ និងមានសេរីភាពល្អប្រសើរពេញលេញនោះ។

 

ទោះយ៉ាងណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ពុយ គា បញ្ជាក់ថា រហូតដល់ម៉ោងនេះ លោកមិនទាន់ទទួលបានព័ត៌មានថា មានខេត្តណាមួយដែលគេហាមមិនឱ្យអ្នកសារព័ត៌មានចុះទៅយកព័ត៌មាន ឬទាល់តែសូមច្បាប់ជាមុននោះទេ ប៉ុន្តែបើសិនជាមានមែន ជាការសោកស្តាយ ដោយសារថា រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកទើបបានប្រកាសថ្មីៗនេះអំពីសេរីភាពសារព័ត៌មានកំពុងតែមានលក្ខណៈប្រសើរ មានសេរីភាពពេញលេញ។

 

លោកបន្តថា វាជាសេរីភាពសារព័ត៌មានក្នុងការដើរយកព័ត៌មានតាមបណ្តាខេត្ត-ក្រុងទាំងអស់ លើកលែងតែកន្លែងឬស្ថាប័នខ្លះដែលតម្រូវឱ្យមានការសុំការអនុញ្ញាតជាមុន ជាទម្លាប់ទូទៅ ប៉ុន្តែមិនមែនកម្រិតក្នុងទឹកដីខេត្តទាំងមូលនោះទេ។ បើសិនមានការហាមឃាត់អញ្ចឹងមែន ជាការសោកស្តាយ និងសុំអំពាវនាវកុំឱ្យមានការរឹតត្បិតដល់ថ្នាក់ហ្នឹង ដើម្បីបង្ហាញពីប្រទេសកម្ពុជាដែលគោរពលិទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីសេរីភាពសារព័ត៌មាន៕